ភ្នំពេញ ៖ លោក សុខ ឥសាន បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាមាននយោបាយកម្ទេចក្រុមអ្នកនយោបាយជ្រុលនិយមនិងក្រុមឧទ្ទាមក្រៅច្បាប់ព្រមទាំងអ្នកដែលដើរតាមនិងធ្វើសកម្មភាពបម្រើនយោបាយជ្រុលនិយម ចំពោះពលរដ្ឋទូទៅនៅតែត្រូវគោរពសិទ្ធិពលរដ្ឋដដែល។ រីឯសកម្មជនដែលដើរតាមនិងធ្វើសកម្មភាពបម្រើនយោបាយជ្រុលនិយម គឺជាអ្នកខុសច្បាប់ជាអំពើខុសច្បាប់ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ហើយចំពោះការវាយតម្លៃលើប្រសាសន៍សម្លេងបែកធ្លាយរបស់សម្តេចតេជោ អាស្រ័យលើការវិភាគនិងសន្និដ្ឋានរបស់មជ្ឈដ្ឋាននិមួយៗចុះ។ ឯរឿងឧកញ៉ាឬអ្នកណាក៏ដោយបើប្រព្រឹត្តអំពើឃាដកម្មហើយមិនអាចគេចរួចទេ = នឹងត្រូវសមត្ថកិច្ចចាប់ខ្លួនហើយតុលាការនឹងកាត់ទោសដោយស្វ័យប្រវត្តិ មិនបាច់ស្នើសុំឬទាមទារទេ។
លោកបានបន្ថែមទៀតថា គណបក្សប្រឆាំងមិនបាច់ស្រែកថាព្រួយបារម្ភស្អីទេ បញ្ហាសំខាន់កុំធ្វើអ្វីខុសច្បាប់ទៅជាការស្រេចហើយ។ សិទ្ធិនយោបាយរបស់ពលរដ្ឋត្រូវបានគោរពយ៉ាងខ្ជាប់ខ្ជួន តែការដើរតាមនយោបាយជ្រុលនិយមនិងការធ្វើសកម្មភាពបម្រើនយោបាយជ្រុលនិយមគឺជាអំពើខុសច្បាប់។ ការចាកចេញពីបក្សប្រឆាំងនិងក្រុមឧទ្ទាមក្រៅច្បាប់យ៉ាងភ្លូកទឹកភ្លូកដីនាពេលនេះ គឺដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំ អំពើហឹង្សាប្ញការគាបសង្កត់ណាមួយឡើយ។ ការយករឿងកើតឡើងតាំងពី១០ឆ្នាំកន្លងទៅមកធ្វើជារឿងថ្មី មិនមានប្រសិទ្ធភាពឡើយ។ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនាថ្ងៃទី៥សីហាខាងមុខ គឺជាមោទនភាពជាតិខ្មែរ តែជារឿងអាម៉ាស់របស់ពួកប្រឆាំង។ ប្រភពទុនសម្រាប់កសាងព្រែកជីកហ្វូណនតេជោអាស្រ័យលើលទ្ធភាពជាក់ស្តែងនៃផ្ទៃក្នុងកម្ពុជា មិនផ្អែកតែលើហិរញ្ញប្បទានបរទេសទាំងស្រុងទេ? ៕