ភ្នំពេញ ៖ ជោគជ័យនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺកម្ពុជា – សិង្ហបុរី បានទទួលលទ្ធផលផ្លែផ្កាយ៉ាងច្រើន ទាំងផ្នែកនយោបាយការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយកម្ពុជា និងសិង្ហបុរីបានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព ។
សូមបញ្ជាក់ថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញធ្វើមាតុភូមិនិវត្តន៍ មកដល់រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមុិញនេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅសាធារណរដ្ឋសិង្ហបុរី តបតាមការអញ្ជើញរបស់ សមភាគីសិង្ហបុរី។ ដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃនេះ បានទទួលលទ្ធផលផ្លែផ្កាយ៉ាងច្រើន ទាំងផ្នែកនយោបាយការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយកម្ពុជា និងសិង្ហបុរីបានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព។
ក្នុងក្របខណ្ឌនយោបាយ និងការទូត សម្តេចធិបតី បានអញ្ជើញជួបសម្តែងការគួរសមជាមួយ លោក ថាមេន ស្ពានមូហ្គារ៉ាត់ណាម ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី នៅមុនជំនួបទ្វេភាគីជាមួយ លោក ឡរ៉េន ម៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី និង លោក លី សៀនលុង ទេសរដ្ឋមន្ត្រី នៃសាធារណ រដ្ឋសិង្ហបុរី។
ជំនួបសម្តែងការគួរសមជាមួយ លោក ថាមេន ស្ពានមូហ្គារ៉ាត់ណាម ប្រធានាធិបតី នៃ សាធារណរដ្ឋសិង្ហបុរី គឺប្រធានាធិបតី បានវាយតម្លៃខ្ពស់លើទំនាក់ទំនងដ៏ល្អរវាងសិង្ហបុរី-កម្ពុជាលើ គ្រប់វិស័យ រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ បណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស។ ទន្ទឹមគ្នានេះ លោកប្រធានាធិបតី បានបង្ហាញសុទិដ្ឋិនិយមថា សក្តានុពលនៃធនធានមនុស្សវ័យក្មេង និងវឌ្ឍនភាព នៃ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅកម្ពុជា នឹងក្លាយជាកម្លាំងចលករក្នុងការទាក់ទាញជា ការអភិវឌ្ឍ ជាពិសេសវិស័យថាមពល ឧស្សាហកម្ម កម្មន្តសាល និងវិស័យសក្តានុពលផ្សេងៗទៀត។
ជាការឆ្លើយតប សម្តេចធិបតី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនឹងស្វែងរកកិច្ចសហប្រតិបត្តិការស្តីពី ការអភិវឌ្ឍគ្រប់ទំនាក់ទំនង ដូចជា ទំនាក់ទំនងធុរកិច្ច វិស័យឯកជននិងឯកជន រដ្ឋាភិបាលនិងរដ្ឋាភិបាល និង ទំនាក់ទំនងក្នុងទិដ្ឋភាពផ្សេងទៀត។
សម្តេចធិបតី និង លោកប្រធានាធិបតី ក៏បានពិភាក្សាអំពីយន្តការនិងក្របខណ្ឌគោលនយោបាយនានា សម្រាប់កិច្ចការពារបរិស្ថាន ជាពិសេសការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាបាននូវភាពធន់របស់ សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដោយផ្តោតលើការពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលអាចឈានដល់ ការសម្រេចបាននូវបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid)។ បន្ថែមពីនេះ សម្តេចធិបតី និង លោក ប្រធានាធិបតី មានសុទិដ្ឋិនិយមថា ភាគីទាំងពីរនឹងបន្តធ្វើឱ្យកាន់តែល្អប្រសើរថែមទៀតនូវទំនាក់ទំនងដែលជា កត្តាកំណត់សម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីទទួលបាននូវវិបុលភាពនាពេលអនាគត ៕