សុភាពនារី បានស្វែងយល់ហើយឬនៅថា ៖ ស្ត្រីត្រូវពិនិត្យសុដន់១ខែម្តង ដោយខ្លួនឯងក្រោយមករដូវហើយ !

ចែករំលែក៖

ភ្នំពេញ ៖ តើត្រូវពិនិត្យសុដន់ខ្លួននៅពេលណា? ប៉ុន្មានខែម្តង? វិធីពិនិត្យសុដន់ត្រូវធ្វើដូចម្តេច?

ស្ត្រីត្រូវពិនិត្យសុដន់១ខែម្តង ដោយខ្លួនឯងក្រោយមករដូវហើយ។

៥ ជំហានក្នុងការពិនិត្យសុដន់ដោយខ្លួនឯង

ជំហានទី១ ឈរនៅមុខកញ្ចក់ដោយដោះសម្លៀកបំពាក់ចេញ ហើយពិនិត្យមើលសុដន់ទាំងពីរនូវទំរង់ ទំហំស្មើគ្នានៃសុដន់។

ជំហានទី២ លើកដៃរបស់អ្នកនៅពីក្រោយក្បាលរបស់អ្នក ហើយពិនិត្យមើលភាពមិនប្រក្រតីនៅលើស្បែក និងសុដន់។

ជំហានទី៣ សង្កេតមើលក្បាលសុដន់របស់អ្នក មានចេញឈាម ទឹករងៃ ឬមានចេញទឹកដោះខុសធម្មតា រឺទេ។

ជំហានទី៤ គេងចុះ ហើយប្រើដៃស្តាំរបស់អ្នកស្ទាបសុដន់ឆ្វេង ហើយដៃឆ្វេងស្ទាបសុដន់ស្តាំ ដោយប្រើចុងម្រាមដៃ ៣ស្ទាបថ្នមៗក្នុងចលនារាងជារង្វង់ ពីក្នុងទៅក្រៅ ដើម្បីស្ទាបជុំវិញសុដន់រកដុំដែលមាននៅលើសុដន់ ។

ជំហានទី៥ ការស្ទាបពេលឈរភាគច្រើនស្ទាបពេលងូតទឹក វិធីសាស្ត្រគឺប្រើដៃស្តាំរបស់អ្នកស្ទាបសុដន់ឆ្វេងដៃ ហើយដៃឆ្វេងស្ទាបសុដន់ស្តាំ ដោយប្រើម្រាមដៃទាំង៣ស្ទាបថ្នមៗក្នុងចលនារាងជារង្វង់ ពីក្នុងទៅក្រៅ ដើម្បីស្ទាបជុំវិញសុដន់រកដុំដែលមាននៅលើសុដន់ ។

តើស្ត្រីគួរធ្វើការគៀបសុដន់ដែរ រឺទេ? ហើយធ្វើនៅពេលណា?
ស្ត្រីត្រូវធ្វើការគៀបសុដន់ដើម្បីរកដុំមហារីកដំបូងបំផុត ដែលដៃមិនអាចស្ទាបប៉ះបានចាប់ពីអាយុ ៣៥ឆ្នាំឡើង ការគៀបនេះធ្វើឡើងរាល់ ១ទៅ ២ឆ្នាំម្តង។
ស្រ្តីដែលមានប្រវត្តិក្រុមគ្រួសារមានជំងឺមហារីកសុដន់ ត្រូវធ្វើតេស្តគៀបសុដន់ចាប់ពីអាយុ ២៥ឆ្នាំទៅ រៀងរាល់ ៦ ខែទៅ ១ឆ្នាំម្តង ដោយពួកគាត់មានហានិភ័យខ្ពស់ជាងអ្នកធម្មតា ២០% ទៅ២៥%។

ប្រវត្តិក្រុមគ្រួសារមានជំងឺមហារីក :
– ហានិភ័យជួរទី១ រួមមាន ម្តាយ បងស្រីបង្កើត ប្អូនស្រីបង្កើត និងកូន
– ហានិភ័យជួរទី២ រួមមាន ម្តាយមីង ក្មួយស្រី និងជីដូន
– ហានិភ័យជួរទី៣ រួមមាន បងជីដូនមួយស្រី ដែលមានហ្សែន BRCA1 និង BRCA2

តើការគៀបសុដន់មានសារៈសំខាន់អ្វីខ្លះ?
ការគៀបសុដន់ គឺជាវិធីសាស្ត្រសំរាប់ស្វែងរកជំងឺមហារីកសុដន់នៅដំណាក់កាលដំបូងបង្អស់ដែលដៃរបស់យើងមិនអាចស្ទាបប៉ះដុំ។

តើការគៀបសុដន់គេធ្វើបែបណា និងនៅពេលណា?
ស្ត្រីដែលត្រូវធ្វើការគៀបសុដន់ត្រូវគោរពតាមគោលការណ៍ដូចខាងក្រោម៖
– មិនត្រូវលាបឡេ រឺ ប្រេង ទឹកអប់ នៅលើសុដន់ នាំអោយរំខានក្នុងការគៀប និងពិនិត្យក្នុងរូបភាពដែលបានថត
– វេជ្ជបណ្ឌិតដែលពិនិត្យរូបភាពគៀបសុដន់ ត្រូវមានចំណេះជំនាញច្បាស់លាស់ក្នុងការបកប្រែលទ្ធផលគៀបសុដន់
– ស្រ្តីត្រូវប្រាប់ពីរោគសញ្ញាដែលខ្លួនមានទាំងអស់ដល់វេជ្ជបណ្ឌិត ដើម្បីងាយស្រួលក្នុងការធ្វើការបកប្រែលទ្ធផល
– មិនណែនាំអោយស្រ្តីធ្វើការគៀបសុដន់១សប្តាហ៍មុនមករដូវ ស្រ្តីមានផ្ទៃពោះ និងស្រី្តបំបៅដោះ
កូន តែក្នុងករណីចាំបាច់គ្រូពេទ្យនឹងធ្វើការពិភាក្សាជាមួយក្រុមគ្រួសារ។

របៀបគៀបសុដន់ ស្ត្រីឈរនៅពីមុខម៉ាស៊ីន គ្រូពេទ្យធ្វើការណែនាំអោយស្ត្រីធ្វើតាម។ ដំបូងយើងធ្វើការដាក់សុដន់ដើម្បីថត ដោយថតពីលើចុះក្រោម១ប៉ុស និងថតពីចំហៀង១ប៉ុស ការថតយើងត្រូវថត សុដន់ស្តំា និងឆ្វេង រយៈពេលនៃការថតចំណាយពេល ២0នាទី បន្ទាប់មកស្ត្រីត្រូវរងចាំ គ្រូពេទ្យថតធ្វើហ្វីលរួចទើបផ្ញើអោយវេជ្ជបណ្ឌិតជំនាញធ្វើការបកប្រែរូបភាពដែលបានថតក្នុងម៉ាស៊ីនគៀបសុដន់នោះ ទើបអាចចេញលទ្ធផលជូនស្ត្រីបាន។

បន្ទាប់ពីបានលទ្ធផល ស្ត្រីត្រូវជួបជាមួយវេជ្ជបណ្ឌិតជំនាញខាងស្ត្រី ជាពិសេសវេជ្ជបណ្ឌិតជំនាញជំងឺសុដន់ដើម្បីពន្យល់ និងសំរេចចិត្តធ្វើការព្យាបាលក្នុងករណីមានការសង្ស័យ។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #មន្ទីរពេទ្យកាល់ម៉ែត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print