ភ្នំពេញ÷អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៤ បានបញ្ជាក់ថា ដំណាំកសិករក្នុងខេត្តចំនួន ៤ បានរងផលប៉ះពាល់ដោយសត្វល្អិតចង្រៃ,ដង្កូវហ្វូង និងដង្កូវមូស្លឹក ដែលក្នុងនោះរួមមាន ខេត្តព្រះវិហារ ប៉ះពាល់ដំណាំស្រូវទំហំ ១ពាន់២២១ហិកតា និងដំណាំដំឡូងមីទំហំ៣ពាន់៣៧១ហិកតា,ខេត្តកំពង់ធំ ដំណាំ ស្រូវទំហំ៣ពាន់ ៦៣៦ហិកតា ,ខេត្តកំពង់ចាមដំណាំ ស្រូវទំហំ១១៨ហិកតា និងខេត្តកំពង់ឆ្នាំង ដំណាំស្រូវទំហំជាង១១ហិកតា ។
អគ្គនាយកដ្ឋានកសិកម្មឲ្យដឹងថា ស្ថានភាពនៃការបំផ្លាញដោយប្រជាកសិករ ដង្កូវហ្វូងនិងដង្កូវមូស្លឹកនេះ កំពុងតែស្ថិតនៅក្នុងស្ថានភាពតាមដាន និងអន្តរាគមន៍បន្តដើម្បីឈានទៅរកស្ថានភាពដែលអាចគ្រប់គ្រងបាន។ ក្រុមការងារជំនាញនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំង៤ ណែនាំកសិករពីវិធានការមួយ ចំនួនដើម្បីអាចគ្រប់គ្រងដង្កូវហ្វូងនិងដង្កូវមូស្លឹកដូចជា ណែនាំដល់កសិករដែលកំពុងប្រើប្រាស់ថ្នាំកសិកម្មក្នុងការកម្ចាត់សត្វល្អិតចង្រៃ,ត្រូវជ្រើសរើស ប្រើប្រាស់ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ និងផ្លាស់ប្ដូរសារធាតុសកម្មដើម្បីកុំឱ្យសត្វល្អិតចង្រៃមានភាពស៊ាំនឹងថ្នាំកសិកម្ម និងណែនាំដល់បងប្អូនប្រជាកសិករអំពីវិធានការការពារលើការប្រើប្រាស់អន្ទាក់ជូរអែមប្រើប្រាស់វិធីសាស្ដ្រមេកានិចដោយយកប្រេងម៉ាសូតលាយជាមួយដីខ្សាច់ដើម្បីបាចចំពោះស្រែមានទឹក និងកម្ចាត់ដង្កូវហ្វូង ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ថា ដង្កូវហ្វូងនេះត្រូវបានចាត់ទុកជាសត្វល្អិតចង្រៃចម្បងនៅអាស៊ី និងនៅក្នុងប្រទេសកម្ពុជា។ ជារៀងរាល់ឆ្នាំមានដំណាំជាច្រើនមុខដូចជា ស្រូវ សណ្តែក ដំឡូងមី ពោត ជាដើម តែងរងនូវការបំផ្លាញដោយដង្កូវហ្វូងនេះ៕