បញ្ចប់គោរមងារឧកញ៉ា ស្រី ស៉ីណា ក្រោយបាញ់សម្លាប់ជនរងគ្រោះ២នាក់គូដណ្ដឹង និងមនុស្ស២នាក់ទៀតនៅក្នុងបុរីប៉េងហួតបឹងស្នោ ដ៏សាហាវឃោរឃៅ

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ ឧកញ៉ា ស្រី ស៉ីណា បន្ទាប់ពីកើតឡើងករណីបាញ់សម្លាប់ជនរងគ្រោះ២នាក់គូដណ្ដឹង នៅក្នុងបុរីប៉េងហួតបឹងស្នោ។

ឃាតកដែលបញ្ចប់គោរមងារ ឧកញ៉ា ស្រី ស៉ីណា និងជនសង្ស័យ២នាក់ទៀត តំណាងអយ្យការកំពុងសាកសួរតាមនីតិវិធី ។

សូមបញ្ជាក់ថា៖ ហេតុការណ៍ផ្ទុះអាវុធមួយបានកើតឡើងនៅវេលាម៉ោង១៥៖៣០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បណ្ដាលឱ្យមនុស្ស២នាក់ស្លាប់ និង២នាក់ទៀតរងរបួស ត្រង់ចំណុចបុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កដោយជនដៃដល់ម្នាក់ឈ្មោះ ស្រី ស៉ីណា និងមានគោរមងារជាឧកញ៉ា។

ក្រោយហេតុការណ៍នេះបានកើតឡើង ដោយអនុវត្តតាមបទបញ្ជាពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង និងលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានបានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋានទៅសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។

រហូតដល់ម៉ោង១៧៖៣០នាទីថ្ងៃដដែល នៅចំណុចផ្លូវជាតិ៥១ ភូមិអន្ទង់ក្រវែន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កម្លាំងជំនាញនាយកដ្ឋានបានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាលធ្វេីការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ ស្រី សុីណា ភេទប្រុស អាយុ៥០ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ៤៤ ផ្លូវលេខ៣៩០ ភូមិ១ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីយកមកធ្វេីការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។

បន្ទាប់ពីនេះ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់ជនសង្ស័យចំនួន២នាក់ មកនាយកដ្ឋានដើម្បីចាត់ការបន្តតាមនីតិវិធី ដែលក្នុងនោះម្នាក់ជាអ្នកដឹកជនសង្ស័យទៅធ្វើសកម្មភាព និងម្នាក់ទៀតដឹកជនសង្ស័យក្រោយធ្វើសកម្មភាពឡើងជិះរថយន្ដ រួមមាន៖ ឈ្មោះ សាន សុខចំរើន ភេទប្រុស អាយុ២៦ឆ្នាំ និងឈ្មោះ ទិន ទូច ភេទប្រុស អាយុ២៦ឆ្នាំ។

សមត្ថកិច្ចបញ្ជាក់ថា ៖ សម្ភារដកហូត រួមមាន អាវុធខ្លីម៉ាក STOEGER COUGAR8000លេខT942907-A008684 គ្រាប់ចំនួន១៨គ្រាប់ បង់ចំនួន០២ (សម្រាប់ធ្វើសកម្មភាព), រថយន្ត១គ្រឿង ម៉ាក SSANGYONG REXTON ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BL-9923, ទូរស័ព្ទចំនួន៤គ្រឿង, រថយន្ត១គ្រឿង ម៉ាកTOYOTA RAIZE ពណ៌ខៀវ ពាក់ផ្លាកលេខ2BQ-3654 និងម៉ូតូ១គ្រឿង ម៉ាកHONDA ZOOMER-X ពណ៌ក្រហមលាយខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GX-9541។

ដោយឡែក ជនរងគ្រោះក្នុងហេតុការណ៍នេះ មានចំនួន៤នាក់៖

*ទី១-ឈ្មោះ ឡុង លីសុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ (ស្លាប់)
*ទី២- ឈ្មោះ ឃីន កញ្ចនា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ (ស្លាប់)
*ទី៣-ឈ្មោះ សុខុម រ៉ាចាណៈ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ (រងរបួស)
*ទី៤-ឈ្មោះ ហុង រិទ្ធារ័ក្ស ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ (រងរបួស)។

ក្រោយបញ្ចប់ការសួរនាំ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ៣នាក់ ដោយម្នាក់ជាជនដៃដល់ ស្រី ស៉ីណា និង២នាក់ទៀតជាអ្នកឌុបដើម្បីទៅធ្វើសកម្មភាព និងក្រោយធ្វើសកម្មភាពរួច បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕
ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print