ភ្នំពេញ៖ បុរសពីរនាក់ស្រវឹងស្រាឡើងជោកជាំ បានបើករថយន្តមួយគ្រឿងម៉ាកLAND CRUISER ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតទៅបុករ៉ឺម៉កម៉ូតូដែលកំពុងតែបើកលើដងផ្លូវ ធ្វើឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់និងស្រាល រួចជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ និងបន្ថែមល្បឿនទាំងដាច់កាឡែកង់មុខ ជ្រុលទៅបុករថយន្តLEXUS LX470 ដែលចតទុកចោល ចំគូទពីចហៀងបណ្ដាលឲ្យរងការខូចខាត។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខបណ្ដាគារអន្តរជាតិ តាមបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺគេបានឃើញរថយន្តបង្កម៉ាកLAND CRUISER ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2K.2943 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀត ដែលពួកគាត់ស្រវឹងស្រាឡើងជោកជាំ បានបើកបរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុករឺម៉កម៉ូតូដឹកបន្លែពីក្រោយពេញទំហឹងបណ្ដាលឲ្យរឺម៉កម៉ូតូអូសទៅបុកដើមឈើបាក់អស់មួយដើម រួមទាំងធ្វើឲ្យម្ចាស់រ៉ឺម៉កប្រុសស្រី៣នាក់រងរបូសធ្ងន់និងស្រាល ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្រោយពីរថយន្តបង្កបើកបុករ៉ឺម៉កម៉ូតូដឹកបន្លែរួចហើយ ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ និងបន្ថែមល្បឿនឡើងលើទ្រូងផ្លូវរហូតដាច់កង់មុខផ្នែកខាងឆ្វេង ធ្វើឲ្យកង់រត់ទៅផ្លួវម្ខាងទៀត ហើយរថយន្តបានរេចង្កូតទៅបុករថយន្តLEXUS LX470ដែលចតទុកលើចញ្ចើមផ្លូវ ចំគូទពីចហៀងបណ្ដាលឲ្យរងការខូចខាត និងរថយន្តបង្ករងការខូចខាតពីមុខនិងចំហៀងយ៉ាងដំណំ តែមិនបណ្ដាលឲ្យអ្នកនៅក្នុងរថយន្តរងរបួសនោះទេ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កនិងអ្នករួមដំណើជាមួយ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់សមត្ថកិច្ច ចំណែកឯជនរងគ្រោះខាងរឺម៉កម៉ូតូត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ ។ ដោយឡែករថយន្តបង្កវិញ ត្រូវបានសមត្ថកិច្ចមូលដ្ឋានរាយការណ៍ទៅជំនាញចរាចរណ៍ក្រុង ឲ្យចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់៕
ដោយ៖ ជីម ភារ៉ា ដង្កោ