ខេត្តសៀមរាប÷ ទីអារាមព្រះពុទ្ធសាសនាមួយនេះ ស្ថិតនៅតាមបណ្តោយស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ សំណង់ព្រះវិហារនៃអារាមនេះ តាមភស្តុតាងបានចារិកនៅលើជញ្ជាំងនៃសំណង់ក៏ដូចជាថេរដីកាព្រះគ្រូចៅអធិការបានបញ្ជាក់ ព.ស ២៤៦២ ដែលអាចជាឆ្នាំនៃការកសាង។ ពុទ្ធសាសនិក ជំនាន់មុន បានកសាងឡើង សម្រាប់បូជាដល់ព្រះរតនៈត្រ័យនៃព្រះពុទ្ធសាសនា ដែលក្នុងព្រះវិហារមានព្រះពុទ្ធរូបធំមួយព្រះអង្គ ហៅថាព្រះជីគង់ជាអធិបតី។
ព្រះវិហារត្រូវបានសាងសង់ឡើង នៅលើខឿនមួយជាន់ និងមានទទឹង១៥.៤ម បណ្តោយ៣៧ម ដែលសង់អំពីបេតុង និង ឈើផងដែរ។ ដោយហេតុ អាយុកាល និងបញ្ហាមួយចំនួនទៀត ដំបូលនៃព្រះវិហារមានការខូចខាត ធ្លុះធ្លាយដោយអន្លើ ដែលធ្វើឱ្យទឹកជ្រាបចូលដល់ខាងក្នុងវិហារ។ មិនតែប៉ុណ្ណោះ រចនាសម្ព័ន្ធនានា គ្រឿងបង្គំដំបូល សរសរ គ្រឹះ ក៏ចាស់មួយចំនួន ទ្រុឌទ្រោម ពុកផុយ ដែលតម្រូវឱ្យមានការជួសជុល ជាបន្ទាន់។ ជាហេតុពេលនេះ អាជ្ញាធរជាតិអប្សរា បានប្រើប្រាស់ទាំងបច្ចេកទេស និងថវិកា ដើម្បីជួសជុលសំណង់ ពិសិដ្ឋមួយនេះ ដោយគម្រោងជួសជុលបានចាប់ផ្តើមដំណើរការ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ខាងមុខនេះ។
ការជួសជុលនេះនឹងរួមចំណែកថែរក្សាកេរដំណែល នឹងតម្លៃគ្រប់យ៉ាង នៃស្ថាបត្យកម្មដ៏ចំណាស់នេះ បានបំពេញតួនាទីរបស់ខ្លួនជាបន្ត និងសម្រាប់ពុទ្ធសាសនិកចូលបំពេញបុណ្យកុសល្យ ក៏ដូចជាព្រះសង្ឃបំពេញកិច្ចក្នុងវត្តតទៅ។