ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងសារលិខិត ឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានថ្លែងថា ៖ តាងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ដែលបានយកអស់កម្លាំងកាយចិត្តរៀបចំទិវាអន្តរជាតិនេះឡើង ទាំងថ្នាក់ជាតិ និងបណ្តាខេត្តនានា ទូទាំងប្រទេស ព្រមទាំងសូមកោតសរសើរដល់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត គ្រឹះស្ថាន សហគ្រាស រដ្ឋនិងឯកជនទាំងអស់ ដែលបានផ្តល់កិច្ចសហការគាំទ្រ ចូលរួម និងប្រារព្ធទិវានេះ ទាំងនៅរាជធានីនិងបណ្តាខេត្ត ហើយខ្ញុំក៏សូមយកឱកាសនេះ ធ្វើការណែនាំនិងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធដូចតទៅ៖
១. ចូលរួមផ្សព្វផ្សាយ ជំរុញលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករ និយោជិត និយោជក វិស័យឯកជន និងសាធារណជនទូទៅ ឱ្យបានយល់ដឹងស៊ីជម្រៅកាន់តែច្បាស់អំពីផលប៉ះពាល់ គ្រោះថ្នាក់ និងវិនាសកម្មនៃគ្រឿងញៀន ដោយ «ត្រូវនិយាយថាទេដាច់ខាតចំពោះគ្រឿងញៀន»។
២. ចូលរួមទាញយក និងប្រើប្រាស់ឱ្យបានទូលាយនូវកម្មវិធីទូរស័ព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ដើម្បីទទួលបានការអប់រំ ខ្លឹមសារមេរៀន ព័ត៌មាន សេវាព្យាបាលនិងស្តារនីតិសម្បទា និង ធ្វើការរាយការណ៍មកសមត្ថកិច្ចក្នុងករណីមានការប្រើប្រាស់ ឬចែកចាយគ្រឿងញៀនក្នុងសហគមន៍។ ៣. លើកទឹកចិត្តវិស័យឯកជនទាំងអស់ ចូលរួមវិនិយោគជាមួយរាជរដ្ឋាភិបាល លើការងារលើកកម្ពស់ ការផ្សព្វផ្សាយនិងអប់រំ តាមគ្រប់មធ្យោបាយនិងគ្រប់រូបភាព។
៤. បន្តអនុវត្តគោលការណ៍ «សម្អាតផ្ទះយើង» និង «សម្អាតចកចេញពីផ្ទៃបឹង» ដោយត្រូវបង្កើន ការត្រួតពិនិត្យជាប្រចាំមន្ត្រីនៃក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានវិធានការម៉ឺងម៉ាត់ចំពោះការពាក់ព័ន្ធ នឹងគ្រឿងញៀន ដើម្បីលើកកម្ពស់ទំនុកចិត្ត ប្រសិទ្ធភាពការងារ អភិបាលកិច្ចល្អ និងភាពស្អាតស្អំ។ ៥. គណៈបញ្ជាការឯកភាពរាជធានី ខេត្ត ត្រូវបន្តពង្រឹងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព» ដោយត្រូវលុបបំបាត់ការចែកចាយនិងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ ជាពិសេសតាមក្លឹបកម្សាន្ត និងទីតាំងសប្បាយដ្ឋាននានា ដោយត្រូវឈរលើស្មារតី ៣ កុំ និង ១រាយការណ៍» គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំបន្ធូរបន្ថយ និងត្រូវរាយការណ៍។
៦. លើកទឹកចិត្ត មាតាបិតា និងអាណាព្យាបាល ដែលមានសមាជិកគ្រួសារ ជាអ្នកញៀនគ្រឿងញៀន និងក្រសួង ស្ថាប័ន ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានមន្ត្រីជាអ្នកញៀនគ្រឿងញៀននិងត្រូវបានបណ្តេញ ចេញពីក្របខ័ណ្ឌ ឱ្យទៅទទួលការបន្សាប ព្យាបាល និងស្តារនីតិសម្បទា ដើម្បីមានឱកាសធ្វើសមាហរណកម្ម ចូលក្នុងសង្គមវិញ។
៧. គណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងតួនាទី និងភារកិច្ចរបស់ខ្លួន ដោយអនុវត្តតាមភារកិច្ចនិងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីម្ចាស់ការអនុវត្តតាមដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ៕