ខេត្តបាត់ដំបង÷ អាជ្ញាធរស្រុកសំឡូតបញ្ជាក់ថា២សប្តាហ៍មកហើយដែលមានរថយន្តភ្ញៀវក្នុងខេត្តនិងក្រៅខេត្តជិះបន្តកន្ទុយគ្នាខ្ទង់រយគ្រឿងសំដៅឆ្ពោះទៅស្រុកសំឡូតដែលធ្វើអោយមានការស្ទះផ្លូវដោយកន្លែង តាមច្រកឆ្ពោះទៅចំការទុរ៉េន។
លោកសើ សាម៉េត អភិបាលស្រុកសំឡូតបានអោយដឹងថា នេះជារដូវកាលដែលកសិករនៅស្រុកសំឡូតកំពុងពេញប្រមូលផល «ទុរេន» ទុំលើកទី១ ។
ម្ចាស់ចំការបានបញ្ជាក់ថាភ្ញៀវមកភ្លូកទឹកភ្លូកដីនេះដោយសារតែភាពល្បីល្បាញនៃរស់ជាតិទុរ៉េននៅស្រុកសំឡូតនេះថា ផ្អែមឆ្ងុយឆ្ងាញ់ បើប្រៀបទៅនឹងប្រទេសជិតខាងដែលនាំចូល ហើយតម្លៃក៏សមរម្យ។
លោក សើ សាម៉េត អភិបាលស្រុកសំឡូតខេត្តបាត់ដំបងបានមានប្រសាសន៍ឱ្យដឹងថាទុរេន វគ្គទីមួយនេះ ទុំប្រមាណ៩០ភាគរយហើយ ដែលម្ចាស់ចំការបានលក់ឱ្យភ្ញៀវមួយថ្ងៃៗរាប់តោន ទាំងភ្ញៀវមកទិញដល់ចំការលក្ខណៈគ្រួសារ និង ឈ្មួញកណ្តាលយកទៅលក់បន្តផងដែរ ។
យោងតាមរបាយការណ៍មួយរបស់ការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកសំឡូតខេត្តបាត់ដំបង បានបញ្ជាក់ថាគិតត្រឹមខែមិថុនា ស្រុកសំឡូតមានដាំដំណាំធូរេន៦ឃុំសរុបចំនួន៥៩៣ហិកតា ដែលក្នុងនោះឃុំសំឡូត និង ឃុំស៊ុងដាំដុះច្រើនជាងគេ ក្នុងនោះឃុំសំឡូតដាំបាន២៨០ហិតា ឃុំស៊ុង២១៥ហិកតា ឃុំមានជ័យ៤១ហិកតា ឃុំតាសាញ២០ហិកតា ឃុំតាតោក៣៥ហិកតា និងឃុំកំពង់ល្ពៅមានចំការទុរ៉េនចំនួន៥ហិកតា ។
របាយការណ៍របស់មន្រ្តីកសិកម្មស្រុកបញ្ជាក់ថាក្នុងចំណោមដំណាំធូរេនខាងលើ មានចំនួន៤៥៧ហិកតាអាចប្រមូលផលបាន ដែលគិតទិន្នផលជាមធ្យមពី៧តោនដល់១០តោនក្នុងមួយហិកតា ដែលជាទិន្នផលយ៉ាងខ្ពស់។
បើតាមទិន្នន័យការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកសំឡូតខេត្តបាត់ដំបងឱ្យដឹងថាឆ្នាំនេះកសិករប្រមូលផលផ្លែទុរ៉េនបានជិត៤ ៥០០តោន ដែលលក់បានតម្លៃក្នុងមួយគីឡូ ១៥០០០រៀល។
លោក ម៉ែនរីម អធិការស្រុកសំឡូតបានឱ្យដឹងថាភ្ញៀវមកដំណើរកំសាន្តនិងទិញផ្លូវទុរេនតាមចំការច្រើននៅថ្ងៃចុងសប្តាហ៍រយះពេល ពីរសប្តាហ៍មកហើយ។
ភ្ញៀវខ្លះក្រោយពីបានចូលចំការទុរ៉េនហើយបានបន្តដំណើរកំសាន្តនៅតាមរមនីយដ្ឋានធម្មជាតិនានា ៕