ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកបសេដ្ឋ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថៃ្ងទី២២ មិថុនា ២០២៤ បានឃាត់ខ្លួនចោរស្រីជេីងឆេីតអស់លក្ខណ៍ម្នាក់ ដែលជាមុខសញ្ញាទម្លាក់ដុំប្រាក់ដូរយកមាសសុទ្ធ នៅចំណុចផ្សាស្លាបលែង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ប្រភពដដែលបន្តថា មានករណីជនសង្ស័យចំនួន០៣នាក់(ប្រុស០១នាក់) មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមC125 មិនស្គាល់សេរីឆ្នាំ ពាក់ផ្លាកលេខភ្នំពេញ xxxx ធ្វើសកម្មភាពទម្លាក់ដុំថង់មាស(ក្លែងក្លាយ) មុខជនរងគ្រោះដែលកំពុងតែធ្វើដំណេីរក្នុងផ្សាដោយធ្វេីជាហេតុចៃដន្យមិនឱ្យមានការភ្ញាក់ផ្អេីលដល់អ្នកដទៃឬម្ចាស់ទ្រព្យចំពោះមុខជនរងគ្រោះរួចបានហៅជនរងគ្រោះខ្សឹបថាកុំមាត់ប្រាប់គេចាំចែកគ្នា។
ជនសង្ស័យមានឈ្មោះ សៅ សារឿន ហៅចន្ដា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិដើមផ្ដៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅរាជធានីភ្នំពេញ បានទទួលស្គាល់ថាខ្លួននិងបក្ខពួកចំនួន០២ទៀតពិតជាបានធ្វេីសកម្មភាពដូចអ្វីដែលជនរងគ្រោះរៀបរាប់អញ្ចឹង ជាចៃដន្យស្រាប់តែកំពុងនិយាយហៅជនរងគរោះដេីរចេញក្រៅផ្សាទៅរកកន្លែងស្ងាត់ដេីម្បីបេីកថង់មាសនិងចែកគ្នាស្រាប់តែមានសមត្ថកិច្ចនគរបាលមកសាកសួរនិងទទួលបានសេចក្ដីរាយការណ៍ពីជនរងគ្រោះទេីបបែកការរួចសមត្ថកិច្ចឃាត់មកសួរនាំតែម្ដង។ តាមចម្លើយរបស់ជនសង្ស័យឈ្មោះសៅ សារឿន ហៅចន្ដា បានឆ្លើយសារភាពថា ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពប្រើល្បិចទម្លាក់ថង់និងមានបំណងឆបោកយកទ្រព្យមានតម្លៃពីជនរងគ្រោះឈ្មោះឡាយ គីមសុខ ពិតប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងដំណើរការនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្ត បន្ដទៅអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺចំណាត់ការនីតិវិធី៕ដោយ៖តារា