សារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា ក្នុងការអត្ថាធិប្បាយមួយ ដែលចេញផ្សាយតាមកញ្ចក់ទូរទស្សន៍នាថ្ងៃសៅរ៍នេះ នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin បានលើកហេតុផលការពារ ដំណើរបំពេញទស្សនកិច្ចចេញក្រៅប្រទេសជាញឹកញាប់ អំឡុងរយៈពេល១០ខែមកនេះ ក្នុងនាមជាមេដឹកនាំនៃប្រទេសថៃ។
ចាប់តាំងពីក្លាយជានាយករដ្ឋមន្រ្តីថៃ កាលពីខែសីហា ឆ្នាំ២០២៣មក លោក Srettha បានបំពេញទស្សនកិច្ចទៅក្រៅប្រទេសសរុបចំនួន ១៥លើក ហើយកាលពីខែមីនា ឆ្នាំនេះ បានសន្យាផ្អាកធ្វើយ៉ាងដូច្នោះរយៈពេល២ខែ ក្រោយទទួលរងមតិរិះគន់ពីសាធារណៈ។ ទោះយ៉ាងណាក្តី នាពេលនេះ លោក Srettha បានលើកឡើងយ៉ាងដូច្នេះថា «ដំណើរទស្សនកិច្ចមួយចំនួន គឺមិនអាចចៀសបានឡើយ» ពោលគឺលោកចង់សំដៅលើ ទស្សនកិច្ចផ្លូវការនៅក្នុងតំបន់អាស៊ាន ព្រមទាំងទៅកាន់ចិន ជប៉ុន និងស្រីលង្កា ជាដើម។
ជាចុងក្រោយ លោកនាយករដ្ឋមន្រ្តីថៃ បានបន្ថែមថា សម្រាប់ទស្សនកិច្ចមួយចំនួនផ្សេងទៀតវិញ គឺមានគោលដៅបម្រើដល់សេដ្ឋកិច្ចជាតិ តាមរយៈការព្យាយាមទៅទាក់ទាញពាណិជ្ជកម្ម និងការវិនិយោគ ឱ្យមកប្រទេសថៃ។ រូបលោកបានសង្កត់ធ្ងន់ថា «វាជារឿងចាំបាច់ ដែលត្រូវតែទៅ»។ លោក Srettha ដែលជាសេដ្ឋីអចលនទ្រព្យមួយរូប ធ្លាប់បានលើកឡើងជារឿយៗ អំពីគោលដៅរបស់លោក ក្នុងការចែចង់ឱ្យបរទេស មកបណ្តាក់ទុនវិនិយោគឱ្យច្រើនៗ នៅក្នុងប្រទេសអាស៊ានមួយនេះ៕