ភ្នំពេញ ៖ «ពងដង្កូវហ្វូង»៖ សូមរៀនសង្កេតនិងប្រុងប្រយ័ត្ន ចំពោះមេអំបៅដង្កូវហ្វូង ដែលជាប្រភេទមេអំបៅរាត្រីចរ ច្រើនធ្វើដំណើរនៅពេលយប់។ ពងរបស់វាមានពណ៌សក្នុងដំណាកកាលដំបូង និងប្រែទៅជាពណ៌លឿង នៅពេលជិតញាស់។ មេអំបៅប្រភេទនេះពងជាកញ្ចុំៗ មានចំនួនពី ១០០ ទៅ ២០០ពង នៅលើផ្ទៃស្លឹកដោយមានរោម សំឡីពាសការពារពីលើ។ នេះជាការបញ្ជាក់ពី លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ នៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ។ ក្នុងថ្ងៃនេះដែរ លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា ៖ មកមើលការចុះអន្តរាគមន៍របស់មន្ត្រីជំនាញនៃក្រសួងកសិកម្ម និងអាជ្ញាធរមូលដ្ឋាន លើករណីផ្ទុះដង្កូវហ្វូង និងចំណាប់អារម្មណ៍របស់បងប្អូនកសិករយើង។
រហូតមកដល់ពេលនេះ ក្រុមការងារមន្ត្រីជំនាញគ្រប់កម្រិតនៃក្រសួងកសិកម្មបាននិងកំពុងចុះពិនិត្យ ផ្សព្វផ្សាយ និងអន្តរាគមន៍នៅគ្រប់ខេត្តក្រុងតាមមូលដ្ឋានរួចជាស្រេចហើយ ទោះបីជាមាន ឬមិនមានករណីផ្ទុះដង្កូវហ្វូងនេះក៏ដោយ ព្រោះយើងមិនអាចធ្វេសប្រហែសបានឡើយ។ សូមអំពាវនាវដល់បងប្អូនប្រជាកសិករ បន្តបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ តាមដានត្រួតពិនិត្យមើលដំណាំស្រែចម្ការរបស់ខ្លួនជាប្រចាំ និងឱ្យបានទៀងទាត់ និងចាត់វិធានការឱ្យបានទាន់ពេលវេលា ជៀសវាងនូវការខាតបង់ធ្ងន់ធ្ងរមកលើផលដំណាំរបស់ខ្លួន។ ក្នុងករណីចាំបាច់ អាចសាកសួរព័ត៌មានបន្ថែម ឬស្នើសុំអន្តរាគមន៍តាមរយៈមន្ត្រីកសិកម្មឃុំ មន្ទីរកសិកម្មខេត្ត ឬទំនាក់ទំនងដោយផ្ទាល់មក Hotline«1289» របស់ក្រសួងបាន។
លោកបន្តថា ៖ ប្រយ័ត្ន! ករណីផ្ទុះដង្កូវហ្វូង បានរីករាលដាលដល់១២ខេត្តហើយរហូតមកដល់ពេលនេះ! តាមការប៉ាន់ស្មានបឋម ផលប៉ះពាល់ស្ថិតក្នុងរង្វង់១-២%នៃដំណាំកំពុងដាំដុះ ភាគច្រើនទៅលើដំណាំស្រូវ និងដំឡូងមី តែតួលេខនេះអាចនឹងកើនឡើងបន្តទៀតនាពេលខាងមុខ។
ក្រសួងកសិកម្មកំពុងប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបនៅទូទាំងប្រទេស បញ្ចូនមន្ត្រីជំនាញជាបន្ទាន់ទាំងកម្រិតក្រសួង កម្រិតមន្ទីរ និងកម្រិតឃុំ ដើម្បីចុះតាមដានវាយតម្លៃពីការរីករាលដាល ផ្សព្វផ្សាយពីវិធានការឆ្លើយតបភ្លាមៗដល់បងប្អូនកសិករនៅតាមមូលដ្ឋាន និងអន្តរាគមន៍ផ្ទាល់ក្នុងករណីចាំបាច់ផងដែរ។
តាមការវាយតម្លៃក្នុងពេលបច្ចុប្បន្ន ស្ថានភាពនេះស្ថិតនៅក្នុងដំណាក់កាលគ្រប់គ្រងបាននៅឡើយទេ ដោយហេតុថាយើងបានប្រតិកម្មបានលឿន និងបងប្អូនប្រជាកសិករមានការចូលរួមបានយ៉ាងសកម្មនិងទូលំទូលាយ។ អ្នកជំនាញរំពឹងទុកថា នៅពេលដែលមានភ្លៀងធ្លាក់មក ដង្កូវហ្វូងទាំងនេះនឹងស្លាប់ទៅវិញ ហើយបញ្ហារីករាលដាលនឹងត្រូវបញ្ចប់។ ទោះជាយ៉ាងណា សូមបងប្អូនប្រជាកសិករបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានត្រួតពិនិត្យមើលដំណាំស្រែចម្ការរបស់ខ្លួនជាប្រចាំ និងឱ្យបានទៀងទាត់ និងចាត់វិធានការឱ្យបានទាន់ពេលវេលា ជៀសវាងនូវការខាតបង់ធ្ងន់ធ្ងរមកលើផលដំណាំរបស់ខ្លួន ៕
ដោយ ៖ សិលា