ជនសង្ស័យចំនួន០២នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅសាលា​ដំបូង​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។

សមត្ថកិច្ចបញ្ជាក់ថា នៅវេលាម៉ោង១៧ និង២០នាទីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះឃាត់ខ្លួនជនសង្ស័យ០២នាក់៖ ១.ឈ្មោះ ស៊ុន ទូច ហៅទូច ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ២.ឈ្មោះ សល់ ចំរើន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ទាំងពីរនាក់នេះជាប់ពាក់ព័ន្ធករណីលួចម៉ូតូ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង០០និង៣០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចម្តុំដើមស្រល់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ការឃាត់ខ្លួននេះធ្វេីឡេីងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អេតវីន ម៉ារីអូ គូរស៊ីងហ្គា(EDWIN GURUSINGA) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅបណ្តោះអាសន្នភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនរងគ្រោះបានទុកម៉ូតូម៉ាកស្គូពី (SCOOPY) ពណ៌ខ្មៅ គ្មានស្លាកលេខ នៅខាងមុខអគារដែលខ្លួនធ្វើការដូចរាល់ដង ស្រាប់តែនៅវេលាកេីតហេតុសន្តិសុខបានប្រាប់ជនរងគ្រោះថា ម៉ូតូត្រូវបានចោរលួច ហើយក៏បានឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យ០២នាក់បានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។ ក្រោយទទួលបានពាក្យបណ្តឹងនិងទទួល ព័ត៌មានពីសន្តិសុខថា បានប្រទះឃើញជនសង្ស័យម្នាក់និងម៉ូតូ០១គ្រឿងនៅចំណុចម្តុំដើមស្រល់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងបានចុះទៅទីតាំងនោះភ្លាមៗ ហើយបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុន ទូច រួមទាំងវត្ថុតាង (ម៉ូតូ ចំនួន ០១គ្រឿង) នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំតាមនីតិវិធី និងបន្តស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ សល់ ចំរើន នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្តក្រុងប៉ោយប៉ែតដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។ក្រោយឃាត់ខ្លួននិងសួរចម្លេីយ ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។  ជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី។ដោយឡែកវត្ថុតាងម៉ូតូ ម៉ាកស្គូពី (SCOOPY) ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ៕ ដោយវណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print