ក្រុងប៉ោយប៉ែត ៖ សកម្មភាពបោកប្រជាពលរដ្ឋរបស់ជនខិលខូច មានគំនិតទុច្ចរិត ប្រើល្បិចដដែលៗ មិនខុសអីនឹងមេក្លោងដែលបានយកដីរដ្ឋនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចែកឱ្យប្រជាពលរដ្ឋ ទីបំផុត អាជ្ញាធរ សហការជាមួយសមត្ថកិច្ច រាយការណ៍ជូនតំណាងអយ្យការ ក៏បានចាប់ឃាត់ខ្លួន ទាំងមេខ្លោង បក្ខពួកដាក់ពន្ធនាគារ។ ឥឡូវនេះមាន មេក្លោងឈ្មោះ តេង ចាន់ភិរម្យ ចែកដីជូនប្រជាពលរដ្ឋក្រីក្រសម្រាប់ធ្វើលំនៅឋាន ក្រោមរូបភាពធ្វើលិខិតប្រគល់ដីធ្លី ក្នុងទំហំ (១២គុណ២០)ម ស្មើនឹង ២៤០ម៉ែត្រក្រឡាក្នុង១ឡូតិ៍ ដែលជាដី លើកម្មសិទ្ធរបស់អ្នកដទៃ ស្ថិតនៅចំនុចដីសមាគមកសិកម្មជាតិ ភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គ្រាន់តែដាក់ថា ៖ «លិខិតប្រគល់ដីធ្លី» មានឈ្មោះ តេង ចាន់ភិរម្យ ផ្តិមេដៃជាអ្នកប្រគល់សិទ្ធិ មានប្រជាពលរដ្ឋអ្នកទទួលសិទ្ធិ និងមានសាក្សី២នាក់ផ្តិតមេដៃធ្វើជាសាក្សី ។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់រដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ។ រដ្ឋបាលក្រុងប៉ោយប៉ែត ក៏បានអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋកុំចាញ់បោកការបំផុសបំផុលអំពីការចែកដី ដែលជាដីមិនស្របច្បាប់ទាំងនោះឱ្យសោះ។
ក្នុងសេចក្តីជូនដំណឹង របស់រដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ៖ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនិងសាធារណជនឱ្យបានជ្រាបថា៖ ថ្មីៗនេះ មានជនមួយក្រុមអះអាងថាខ្លួនមានដី ហើយធ្វើការបែងចែកជូនប្រជាពលរដ្ឋក្រីក្រសម្រាប់ធ្វើលំនៅឋាន ក្រោមរូបភាពធ្វើលិខិតប្រគល់ដីធ្លី ក្នុងទំហំ (១២គុណ២០)ម ស្មើនឹង ២៤០ម៉ែត្រក្រឡាក្នុង១ឡូតិ៍ ដែលជាដី លើកម្មសិទ្ធិរបស់អ្នកដទៃ ស្ថិតនៅចំនុចដីសមាគមកសិកម្មជាតិ ភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានបំផុសបំផុលឱ្យបងប្អូនប្រជាពលរដ្ឋទាំងនោះ សង់ជារោងខ្ទមតូចៗ ធ្វើអំពីឈើដើមប្រេងខ្យល់ ប្រក់សង្កសីទៀតផង ។ ជាក់ស្តែងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ឃើញមានការសង់រោង ខ្ទមបានចំនួន១០ខ្នង ដោយប្រើរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ រដ្ឋបាលក្រុងសូមជម្រាបជូនថា ជនដែលកំពុង បែងចែកដីនោះ ពុំមែនជាដីកម្មសិទ្ធិរបស់ខ្លួនស្របច្បាប់ឡើយ ហើយរដ្ឋបាលក្រុងសូម
អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី មកពិនិត្យនិងមើលថែដីរបស់ខ្លួន
សូមបងប្អូនប្រជាពលរដ្ឋកុំចាញ់បោកការបំផុសបំផុលអំពីការចែកដី ដែលជាដីមិនស្របច្បាប់ទាំងនោះឱ្យសោះ
សូមបងប្អូនប្រជាពលរដ្ឋដែលចាញ់ការបោកប្រាស់ទាំងអស់ មេត្តាសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឈានទៅដល់ការចាប់ខ្លួនជនបង្កយកមកផ្តន្ទាទោសតាមច្បាប់ ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបជាពត៌មាន ។
ពាក់ព័ន្ធករណី លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បានប្រាប់ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ឱ្យដឹងថា ៖ ខ្ញុំបានបំពេញកាតព្វកិច្ចចាត់វិធានការក្នុងរឿងនេះហើយ និយាយរួមខ្ញុំបានសេចក្តីជូនដំណឹងរួចហើយ ដូច្នេះការងារដែលត្រូវធ្វើ គឺមិនខុសពីក្នុងការបញ្ជាក់នោះដែរ ។
លោក អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ៖ ខ្ញុំធ្វើកិច្ចការនេះហើយ និងសូមទោសផងខ្ញុំជាប់រវល់បន្តិចមិនបានបញ្ជាក់ជូនច្រើន។
លោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធដែលសួរថា ៖ តើលោកមានវិធានការបែបណាចំពោះ មេខ្លោងឈ្មោះ តេង ចាន់ភិរម្យ ចែកដីជូនប្រជាពលរដ្ឋក្រីក្រសម្រាប់ធ្វើលំនៅឋាន ក្រោមរូបភាពធ្វើលិខិតប្រគល់ដីធ្លី ក្នុងទំហំ (១២គុណ២០)ម ស្មើនឹង ២៤០ម៉ែត្រក្រឡាក្នុង១ឡូតិ៍ ដែលជាដី លើកម្មសិទ្ធិរបស់អ្នកដ៏ទៃ នៅក្រុងប៉ោយប៉ែត លោកបានបញ្ជាក់ថា ៖ ខ្ញុំអត់ទាន់បានទទួលនេះសោះ ព្រោះអាជ្ញាធរ និងសមត្ថកិច្ចមិនទាន់រាយការណ៍ជូនខ្ញុំ ហើយអរគុណផងដែរដល់ខាងបងសារព័ត៌មាន បានសួរទើបខ្ញុំដឹង ចាំខ្ញុំសួរនាំក្នុងរឿងនេះ ហើយក៏អរគុណផងដែរ ។
សូមជម្រាបជូនថា ក្នុងករណីជាបទល្មើសជាក់ស្តែង សមត្ថកិច្ច អាជ្ញាធម៌ មានសិទ្ធិឃាត់ខ្លួន ឬរាយការណ៍ជូនតំណាងអយ្យការ ប៉ុន្តែជន ឈ្មោះ តេង ចាន់ភិរម្យ អាចដឹងខ្លួនមុនគេចពីការប្រមាញ់របស់ សមត្ថកិច្ច អាជ្ញាធរ ខណៈបើកប្រតិបត្តិការបង្ក្រាបកាលពីម្សិលមុិញ។
ក្នុងករណីនេះលោក តេង ចាន់ភិរម្យ ដែលត្រូវបានអាជ្ញាធរអះអាងថា កំពុងតែចែកដីឱ្យប្រជាពលរដ្ឋ ដែលមិនមែនជាអំពើស្របច្បាប់នោះ អង្គភាព “នគរដ្រេហ្គន” មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល៕