កម្លាំងកងរាជអាវុធហត្ថបញ្ជូនជនសង្ស័យគ្រឿងញៀន៨នាក់ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ កម្លាំងកងរាជអាវុធហត្ថបានបញ្ជូននបងធំក្រុងប៉ោយប៉ែតចំនួន៨នាក់ទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ។

សមត្ថកិច្ចប្រាប់ថាៈ ការបង្ក្រាបជនសង្ស័យបងធំប៉ះចំសំបុកគ្រឿងញៀនហើយមានទាំងល្បែងស៊ីសងទូបាញ់ត្រី កាំបិតសាមូរ៉ៃ ទៀតផងនោះ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតលោក នួន នីណារ៉ូ  បានឱ្យដឹងថា នៅវេលាម៉ោង០៣និង២០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន, ផ្តល់ទីតាំងបើកល្បែងស៊ីសងដោយខុសច្បាប់ និងការកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត នៅចំណុចផ្សារអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

ប្រភពដដែលបញ្ជាក់ថាៈ ក្នុងប្រតិបត្តិការនេះ កម្លាំងឃាត់ខ្លួនបានមនុស្សចំនួន៨នាក់ ចាប់យកវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្សៅក្រាមសថ្លា (ICE) ចំនួន៣៦កូនថង់កិបទម្ងន់១១៧,៣០ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY)ចំនួន០១ថង់កិបពណ៌ខៀវ  ស្មើនឹង២៥៤គ្រាប់ ទម្ងន់ ២៦,៥០ក្រាម, ទូរស័ព្ទចំនួន០៣គ្រឿង, កាំបិតកែច្នៃ ចំនួន០៤ដើម, ទូហ្គេមបាញ់ត្រីអេឡិចត្រូនិកចំនួន០៥គ្រឿង, គ្រឿងបន្លាស់អេក្រង់ចំនួន០៤គ្រឿង, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ 

ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានជាប់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, ផ្តល់ទីតាំងបើកល្បែងស៊ីសងដោយខុសច្បាប់ និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្តសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print