ភ្នំពេញ ៖ ពីវេទិកាអធិបតីនៃពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងខ្លោងទ្វារ វត្តចំប៉ាសួស្ដី ហៅវត្តអន្លង់ទ្រា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងលើកទឹកចិត្តយុវជននិងសិស្សានុសិស្ស បន្តខិតខំថែរក្សាការពារសុខសន្តិភាព និងមនុញ្ញផលទាំងឡាយដែលកើតចេញពីការខិតខំប្រឹងប្រែងកសាង និងបន្សល់ទុក ដោយថ្នាក់ដឹកនាំ និងចាស់ទុំជំនាន់មុន រាប់ទាំងឪពុកម្ដាយ និងបុព្វការីជន ដែលបានធ្វើឱ្យប្រទេសជាតិ និងក្រុមគ្រួសារ មានភាពប្រសើរឡើងដូចសព្វថ្ងៃ។
យ៉ាងណាក៏ដោយ លោកអភិសន្តិបណ្ឌិត ដែលក៏ជាថ្នាក់ដឹកនាំបន្តវេនមួយរូប នៃរាជរដ្ឋាភិបាល នីតិកាលទី៧ បានរម្លឹកបន្ថែមថា ក្នុងនាមជាទំពាំងស្នងឬស្សី យុវជនមិនត្រូវផ្ដេកផ្ដួលសំងំសុខស្រួលតែជាមួយនឹងមនុញ្ញផលដែលកើតចេញពីការបន្សល់ទុករបស់អ្នកជំនាន់មុន ដោយភ្លេចគិតគូរពីការខិតខំប្រឹងប្រែងអភិវឌ្ឃសមត្ថភាព និងចំណេះដឹងនោះឡើយ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត សន្តិភាព ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបង្កើតឡើងនិងថែរក្សាមកដល់សព្វថ្ងៃ បានផ្ដល់ឱកាសគ្រប់បែបយ៉ាងឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ពង្រឹងសមត្ថភាព និងពង្រីកសក្ដានុពលនៃការអភិវឌ្ឍជីវភាព ដើម្បីធ្វើឱ្យប្រទេសជាតិ និងក្រុមគ្រួសារ កាន់តែមានភាពរីកចម្រើន។
លោកអភិសន្តិបណ្ឌិត បានណែនាំឱ្យយុវជនសម្លឹងមើលគោលដៅអនាគតឱ្យហួសពីការប្រកួតប្រជែងត្រឹមតែកម្រិតក្នុងស្រុក ពីព្រោះក្នុងសម័យសាកលភាវូបនីយកម្ម និងឌីជីថលដ៏ជឿនលឿននេះ ទីផ្សារការងារវិស័យឯកជន មិនមានការប្រកាន់ជនជាតិណាមួយឡើយ ពោលគឺអ្នកមានសមត្ថភាព សុទ្ធតែអាចចល័តបំពេញការងារគ្រប់កន្លែង ហើយទទួលបានប្រាក់ខែខ្ពស់។ ភ្ជាប់នឹងការសិក្សាឆ្ពោះទៅគោលដៅការងារនេះ ឯកឧត្តម បានលើកទឹកចិត្តឱ្យយុវជនដែលនឹងបញ្ចប់ការសិក្សាថ្នាក់ទី១២ ត្រូវបន្តចូលរៀនថ្នាក់ឧត្តមសិក្សា ឬជំនាញណា ដែលខ្លួនមានចំណង់ចំណូលចិត្ត មិនត្រូវរៀនតាមគ្នា ឬតាមការជំរុញខុសពីនិស្ស័យខ្លួនឡើយ។
ក្នុងន័យនេះ លោកអភិសន្តិបណ្ឌិត បានជម្រាបអង្គពិធី និងយុវជនអំពីគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវ័យរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដែលក្នុងនោះក៏ដៅយកការពង្រឹងធនធានមនុស្សជាអាទិភាព។ ធនធានមនុស្ស ដែលបើតាមប្រមុខក្រសួងមហាផ្ទៃ ជាកត្តាគន្លឹះដែលរាជរដ្ឋាភិបាលនីតិកាលទី៧ បានប្ដេជ្ញាចិត្តបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត បន្តពីរាជរដ្ឋាភិបាលនីតិកាលកន្លងទៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដោយផ្ដោតលើការពង្រឹងគុណភាពអប់រំទាំងថ្នាក់មូលដ្ឋាន ក្រោយឧត្តមសិក្សា ការផ្ដល់អាហារូបករណ៍ និងការពង្រីកទីផ្សារការងារជាដើម៕
ដោយ ៖សិលា