ភ្នំពេញ ៖ បុរសស្រវឹងស្រាជោគជាំម្នាក់ទើបនឹងចេញពី KTV បើករថយន្តកូរ៉ូឡា មួយគ្រឿងទៅបុករថយន្តកាមរីបាឡែន ហើយបន្ថែមល្បឿនរត់ ក៏ទៅបុកម៉ូតូស្មាស់ រងរបួសស្រាលបុរស២នាក់ និងជ្រុលទៅបុករបងផ្ទះលក់ដែករងរការខូតខាតទើបរថយន្តទៅមុខលែងរួច។
...
ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១២ រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ២០០៤ ម្តុំហាង KTV ដាយម៊ិន សង្កាត់កកាប ខណ្ឌពោធិសែនជ័យ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសស្រវឹងស្រាជោគជាំខាងលើនេះបើករថយន្ត១គ្រឿងម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2R-9705 ទើបនិងចេញពី KTV ម៉ូឌែនស៊ីធី បើកតាមផ្លូវ២០០៤ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចមុខហាង KTV ដាយម៊ិន រថយន្តបានរ៉េចង្កូតទៅបុករថយន្ត តាក់ស៊ីកាមរីបាឡែនពាក់ស្លាកលេខភ្នំពេាញ 2AG-7861 ខូចខាតកំពិតឆ្កូតថ្នាំទ្វារមួយចំហៀងខាងឆ្វេង បន្ទាប់មករថយន្តបានបន្ថែមល្បឿនប្រុងរត់គេតែដោយអ្នកបើកបរស្រវឹងខ្លាំងពេកទប់ចង្កូតមិនជាប់ បានជ្រុលមកខាងឆ្វេងដៃ ទៅបុកម៉ូតូស្មាស់វី បណ្ដាលឲ្យបុរស២នាក់ ដែលកំពុងឈប់នោមតាមផ្លូវរងរបួសស្រាល ហើយរថយន្តមិនទាន់អស់ល្បឿន ហោះទៅបុករបងទ្វារដែកផ្ទះលក់ដែក រងរកាខូតខាត ហើយរថយន្តបែកកង់និងដាច់កង់មុខទាំង២ បន្ទាប់ពីបង្កររួចបុរសស្រវឹងស្រាបានចេញពីរថយន្តទាំងទប់ខ្លួនមិននឹងនិយាយរវើរវាយមិនដឹងអី ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងនិងបានឃាត់ខ្លួនបុរសស្រវឹងស្រាមកប៉ុស្តិ៍ ព្រមទាំងទាក់ទងទៅជំនាញចរាចរណ៍ក្រុង មកធ្វើការវាស់វែងរថយន្តបង្ករ និងរថយន្តកាមរីបាឡែន ម៉ូតូស្មាស់វី យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំការដោះស្រាយ ៕




ដោយ៖ សុខា
...