ការប្រគុំតន្រ្តីរបស់ បុស្បា ប៉ាន់ នៅសៀមរាបទទួលបានជោគជ័យ

ចែករំលែក៖

ខេត្តសៀមរាប៖ ការប្រគុំតន្រ្តីសប្បុរសធម៌របស់អ្នកចម្រៀងសំឡេងគ្រលួចសូប្រាណូ (Soprano) កម្ពុជា កញ្ញា បុស្បា ប៉ាន់ ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ កម្មវិធីនេះត្រូវបានធ្វើឡើងនារាត្រីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅភោជនីយដ្ឋានម្លិះក្រោមវត្តមានមន្ត្រីរដ្ឋាភិបាល ពាណិជ្ជករ សិល្បករនិងតន្ត្រីករបរទេសផងដែរ។

...

ផ្តើមការច្រៀងដោយកញ្ញា បុស្បា ប៉ាន់ នូវបទចម្រៀងសំនៀងដើមរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត គឺបទ «ទោះយ៉ាងណា» ដែលនាងច្រៀង និងលេងហ្គីតាផ្ទាល់។ បន្ទាប់មកគឺការច្រៀងរបស់អ្នកចម្រៀងរូបនេះដដែលនូវបទ «Mona Lisa» ដោយមានការចូលរួមលេងភ្លេងដោយតន្ត្រីករព្យាណូជនជាតិថៃ និងជាអ្នកនិពន្ធបទភ្លេងហ្សាស់ដ៏ល្បី គឺលោក សាក់ស្រ៊ី ប៉ាង វង្សតារាដន (Saksri Pang Vongtaradon)។ មានបទចម្រៀងខ្មែរនិងបច្ចឹមប្រទេសជាច្រើនទៀត ត្រូវបានប្រគុំក្រោមវត្តមានភ្ញៀវជាច្រើនចូលរួម ហើយអ្វីដែលគេចាប់អារម្មណ៍ខ្លាំងគឺការបកស្រាយរបស់អ្នកចម្រៀង បុស្បា ប៉ាន់ នូវបទចម្រៀងមួយបទមានចំណងជើងថា «កូនស្រីអ្នកនេសាទនៅភូមិបាក់ព្រា» ដែលធ្វើឲ្យគេនឹកស្រមៃដល់ម្ចាស់ស្នាដៃនិពន្ធលោក គង់ ប៊ុនឈឿន ដែលទើបនឹងស្លាប់ ហើយក៏ចំថ្ងៃគម្រប់ ១០០ថ្ងៃរបស់អ្នកនិពន្ធរូបនេះផងដែរ។

បុស្បា បានលេងហ្គីតាក្លាស៊ិក និងសម្តែងបែបបទនៃតន្ត្រីមួយចំនួនដែលនាងបានសិក្សាក្នុងអំឡុង៣ឆ្នាំចុងក្រោយនេះ ហើយពិសេសគឺបែបបទតន្ត្រីមួយបទដែលនាងបាននិពន្ធដោយខ្លួនឯងសម្រាប់តន្ត្រីករគឺឧករណ៍ខ្សែមានគ្នាបួននាក់ (String Quartet) ។ កម្មវិធីខាងលើនេះក៏នឹងមានវត្តមានតន្ត្រីករបីរូបមកពីវិទ្យាស្ថានអ្នកនិពន្ធបទភ្លេងនិរមិត (Nirmita  Composers Institute ) ដែលក្រុមនេះត្រូវបានបង្កើតឡើងដោយដោយបណ្ឌិត អ៊ុង ជិនណារី គឺជាអ្នកនិពន្ធដែលទទួលបានជ័យលាភីជាច្រើន និងជាសាស្ត្រាចារ្យតន្ត្រីដ៏ល្បីនៅសាកលវិទ្យាល័យសានឌីយ៉ាហ្គោ (University of San Diago ) រដ្ឋកាលីហ្វ័រញ៉ា និងជាអ្នកនិពន្វបទភ្លេងនៅសាកលវិទ្យាល័យឆែបមិន (Chapman University) ។

អ្នកចម្រៀងអូប៉េរ៉ា កម្ពុជា លោក ឃួន សិទ្ធិស័ក្កិ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលនឹងទឹកដមសំនៀង និងការវិវត្តកាន់តែខ្ពស់នូវទេពកោសល្យរបស់បុស្បា។ លោកថា បុស្បា ច្រៀង និងលេងភ្លេងកាន់តែល្អខ្លាំងជាងមុន។ លោកថា អ្វីដែលគួរឲ្យមោទនគឺនាងអាចនិពន្ធបទភ្លេងបានដោយខ្លួនឯង ហើយនាងគឺជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាផងដែរ។លោកថា បុស្បា នឹងក្លាយជាធនធានមនុស្សសំខាន់ និងមានតម្លៃសម្រាប់សង្គមនាពេលអនាគត។

ចុងភៅជំនាញឈ្មោះ លូ ម៉េង បានស្វាគមន៍ចំពោះវត្តមានបុស្បានៅលើទឹកដីនៃក្រុងអង្គរ។ លោកចាត់ទុកថា វាគឺជាផ្នែកមួយនៃទំនាក់ទំនងយូរមកហើយនឹងជាផ្នែករឹងមាំមួយនៃបេសកកម្មរបស់យើងដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរ។ លោកថា ការប្រគុំតន្រ្តីនេះត្រូវធ្វើឡើងដើម្បីអង្គាសមូលនិធិជូនមន្ទីរពេទ្យកុមារអង្គរដែលពេលនេះស្ថិតក្នុងឆ្នាំទី១៧ ហើយរបស់មន្ទីរពេទ្យមួយនេះដែលបានផ្តល់ការថែទាំសុខភាពពេញលេញឥតគិតថ្លៃដល់កុមារនៅកម្ពុជា។

គួរបញ្ជាក់ដែរថា បុស្បា ប៉ាន់បានធ្វើដំណើរមកដល់កម្ពុជា កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា នេះដើម្បីចូលរួមកម្មវិធីសិក្សាសាលា និងកម្មវិធីមួយចំនួនទៀតនៅលើទឹកដីនៃខេត្តសៀមរាប។ ក្នុងរយៈពេល២សប្តាហ៍នៃការធ្វើដំណើរមកកម្ពុជានាងនឹងចូលរួមសិក្ខាសាលាលើជំនាញតន្ត្រីមួយនៅខេត្តសៀមរាបដែលមានសិល្បករមកពីបណ្តាប្រទេស៥ ផ្សេងទៀត។ សិល្បករវ័យ១៧ឆ្នាំរូបនេះ បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ Walnut Hill រួចមកហើយ ហើយឆ្នាំនេះនាងក៏ទើបនឹងបញ្ចប់ការសិក្សាឆ្នាំទី១ នៅសាកលវិទ្យាល័យ The New England Conservatory នារដ្ឋប៊ូស្តុននៃសហរដ្ឋអាមេរិក កាលពីថ្មីៗនេះដែរ។

នាងមានបំណងចំណាយពេលយ៉ាងតិច៨ឆ្នាំទៀតដើម្បីបញ្ចប់ថ្នាក់បណ្ឌិតនិពន្ធបទភ្លេងនៅសហរដ្ឋអាមេរិក ហើយនាងនឹងវិលមកកម្ពុជាដែលជាប្រទេសរបស់នាងក្រោយពីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅសហរដ្ឋអាមេរិក ហើយនាងនឹងចូលរួមជួយក្នុងការអភិវឌ្ឍសង្គមគឺអាចជួយកុមារផ្សេងទៀតឲ្យទទួលបានការអប់រំតន្ត្រី ៕

1 (1)

1 (2)

1 (3)

1 (4)

1 (5)

1 (6)

1 (7)

1 (8)

1 (9)

1 (10)

1 (11)

1 (12)

1 (13)

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print