ភ្នំពេញ៖ ស្ថាប័នត្រួតពិនិត្យគ្រឿងញៀនកម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានចាកចេញពីប្រទេសកម្ពុជាដើម្បីទៅចូលរួមកិច្ចប្រជុំមន្រ្តីនគរបាលជាន់ខ្ពស់ប្រឆាំងគ្រឿងញៀនក្រោមវត្តមានចូលរួមពីបណ្តាប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ កម្ពុជា ចិន ថៃ ឡាវ ភូមា វៀតណាម នៅខេត្តបកែវ ប្រទេសឡាវ ដែលជាខេត្តមួយនៅជាប់តំបន់ត្រីកោណមាស (ឡាវ ថៃ ភូមា) ។
ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានប្រាប់ឱ្យដឹងថាក្រោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំពិសេសលោកសន្តិបណ្ឌិត នេត សាវឿន ពួកយើងទាំង១០រួបមកពីអន្តរស្ថាប័ននឹងបំពេញបេសកកម្មនៅលើកទឹកដីនៃប្រទេសឡាវ និងប្រទេសថៃ រយៈពេល០៤ថ្ងៃ ហើយប្រទេសទាំង៦ និងផ្តល់ការចែករំលែកបទពិសោធន៍លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលទៅចូលរួមក្នុងកិច្ចប្រជុំដែលនោះបានប្រាប់បន្ថែមថា តំណាងពីប្រទេសទាំង៦ នោះនឹងចូលរួមទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរត់កីឡាពាក់កណ្តាលម៉ារ៉ាតុងនៅប្រទេសដើម្បីបង្ហាញពីមិត្តភាព និងឆន្ទះប្រយុទ្ធប្រឆាំងគ្រឿងញៀនរួមគ្នាផងដែរ “កីឡា និងពលកម្មមិនត្រូវការគ្រឿងញៀនទេ ” ។
ជាមួយនេះកម្ពុជា នឹងបង្ហាញពីការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងព្រឹត្តិការណ៍អមនានាមានជាតាំងពិព័រណ៍ ការប្រគំតន្រ្តីខ្នាតធំជាដើម។ល។តាមការគ្រោងមន្រ្តីទាំងអស់នឹងមកដល់កម្ពុជាវិញនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤៕ដោយ៖តារា