ភ្នំពេញ៖ ក្រសួងយុត្តិធម៌ រៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា” នៅរសៀលទី២៦ ខែមិថុនា !
ក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា ៖ ក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូន សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់មេត្តាជ្រាបថា៖ ក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា” ដែលសន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៥: ០០ នាទី រសៀល នៅទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
សេចក្តីដូចបានជម្រាបជូនខាងលើ ក្រសួងយុត្តិធម៌ សូមអញ្ជើញបណ្តាញសារព័ត៌មានទាំងអស់ ចូលរួមយក ព័ត៌មានតាមការគួរ។
ចំពោះអ្នកសារព័ត៌មានដែលមានបំណងចូលរួមយកព័ត៌មាន សូមទំនាក់ទំនងជាមួយ លោក ជួន ចំរើន (០១២ ៩០០ ៤៤៦) ដើម្បីចុះឈ្មោះចូលរួម និងទទួលប័ណ្ណចេញ-ចូលសម្រាប់សន្និសីទសារព័ត៌មាននេះ។
ករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានពិនិត្យឃើញថា មហាជនមានការចាប់អារម្មណ៍ជាច្រើន ជុំវិញករណី បាញ់ប្រហារដ៏សាហាវមួយ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្តាលឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតចំនួន ២នាក់ និងរងរបួសចំនួន ២នាក់។ ដោយយោងតាម សេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ របស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ និងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ របស់អ្នកនាំពាក្យ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, អង្គហេតុ ដែលជាលទ្ធផលនៃការស្រាវជ្រាវក្នុង ដំណាក់កាលស៊ើបអង្កេត នៅក្នុងសំណុំរឿងនេះ មានដូចតទៅ ៖ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៣ រសៀល ឈ្មោះ ស្រី ស៊ីណា បានទៅទីតាំងផ្ទះជនរងគ្រោះ ឈ្មោះ ឡុង លីសុង ស្ថិតនៅខណ្ឌ ច្បារអំពៅ ដើម្បីសួរនាំរឿងជម្លោះទាក់ទងនឹងរឿងកាប់មែកស្វាយ, វាយកម្ទេចជើងផ្កា និងរឿងដាក់ស្នូខោអាវ ជាមួយឈ្មោះ សាន ស្រីពេជ្រ ដែលជាអ្នកជួលផ្ទះពីឈ្មោះ ស្រី ស៊ីណា និងជាអ្នកជិតខាងឈ្មោះ ឡុង លីសុង។ ពេលទៅដល់, ជនល្មើសបានដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ ហើយមានការជជែកគ្នា និងបានឈានដល់ មានជម្លោះពាក្យសម្តីនឹងគ្នា ហើយឈ្មោះ ស្រី ស៊ីណា ក៏បានដកកាំភ្លើងខ្លីដែលសៀតនៅចង្កេះ បញ្ចូលគ្រាប់ បាញ់ប្រហារជាច្រើនគ្រាប់ទៅលើជនរងគ្រោះបណ្តាលឱ្យឈ្មោះ ឡុង លីសុង ភេទប្រុស ស្លាប់នៅកន្លែង កើតហេតុ និងឈ្មោះ ឃីន កញ្ចនា ភេទស្រី បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្នុងពេលនោះដែរ, ឈ្មោះ ស្រី ស៊ីណា ក៏បានបាញ់ទៅលើមនុស្សប្រុស ២នាក់ទៀតជាច្រើនគ្រាប់ បណ្តាលឱ្យម្នាក់រងរបួសដៃ និងម្នាក់ទៀតរងរបួសជើង។ នៅក្នុងករណីនេះ, ជនល្មើសឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥០ ឆ្នាំ ត្រូវបាន សមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ និងបន្ទាប់មក, ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទ ប្រកាន់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសំណុំរឿងពីរដាច់ដោយឡែកពីគ្នា ចំនួន ៣ បទល្មើស គឺ បទឃាតកម្ម, បទប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយខុសច្បាប់។
ការស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាល និងអយ្យការអមសាសាដំបូងរាជធានីភ្នំពេញ។ សំណុំរឿងនេះត្រូវបាន បញ្ជូនទៅចៅក្រមស៊ើបសួរ ដែលមានសមត្ថកិច្ចធ្វើការស្រាវជ្រាវឱ្យបានស៊ីជម្រៅបន្ថែមទៀត ដោយផ្អែកតាម ច្បាប់ជាធរមាន ហើយជនល្មើសក៏ត្រូវបានចៅក្រមសម្រេចឃុំខ្លួនជាបណ្តោះអាសន្នទៅតាមនីតិវិធីច្បាប់ ជាធរមាន។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមបញ្ជាក់ជូនថា ក្នុងករណីមានការស្រាវជ្រាវរកឃើញភស្តុតាងថ្មី បន្ថែម ដែលធ្វើឱ្យប្រែប្រួលទៅលើអង្គហេតុ និងបទចោទប្រកាន់, ទាំងចៅក្រមស៊ើបសួរ ទាំងចៅក្រមជំនុំជម្រះ មានសិទ្ធិអំណាចតាមច្បាប់ ក្នុងការកែប្រែបទចោទប្រកាន់ ទៅតាមអង្គហេតុ, ភស្តុតាង និងអង្គច្បាប់ ដែលមាន ក្នុងសំណុំរឿង ដោយអនុវត្តទៅតាមនីតិវិធីដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៕