ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានបងប្អូនដាក់អង្រឹងសែងយកទៅមន្ទីរពេទ្យបន្ទាប់ពីរូបនាងដែលទើបតែឆ្លងទន្លេរួច៣ខែហើយប្រចណ្ឌប្តីមានស្រីថ្មីធ្វើឲ្យនាងខឹងចិត្តខាំអណ្តាតខ្លួនឯងប៉ុនប៉ងសម្លាប់ខ្លួន តែពេលខលទៅឡានពេទ្យរាប់ម៉ោងមិនឃើញមកទទួលសោះ។
...
ករណីប៉ុនប៉ងសម្លាប់ខ្លួនមិនបានសម្រេចនេះបានកើតឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីដែលខាំអណ្តាតខ្លួនឯងនោះមានឈ្មោះងូយ សោភា អាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិអង្គក្នុង ឃុំព្រះស្រែ ស្រុករមាហែក ខេត្តព្រៃវែង។ ចំណែកប្តីកំហូចនោះឈ្មោះធឿន ធី អាយុ៣១ មុខរបរជាងសំណង់ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល។
តាមសាក្សីដែលជាបងប្អូនជីដូនមួយបានឲ្យដឹងថា បុរសជាប្តីនោះបានមកធ្វើការសំណង់តាំងពីប្រពន្ធឆ្លងទន្លេបានជិតមួយខែម្លេះ ហើយក៏មិនដែលទៅផ្ទះដែរ និងលួចសំងំមានស្រីថ្មីនៅឯភ្នំពេញ ។ បន្ទាប់មកក៏បែកធ្លាយរឿននេះដល់ប្រពន្ធរហូតព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៦ ស្ត្រីជាប្រពន្ធក៏បាននាំកូនតូចដែលទើបសម្រាលបាន៣ខែមកភ្នំពេញ ដើម្បីជួបប្តីនិងនាំទៅស្រុកវិញ។ ខណៈមកដល់ស្ត្រីជាប្រពន្ធក៏បានបបួលបុរសជាប្តីទៅស្រុកវិញតែគេមិនព្រមធ្វើឲ្យស្ត្រីជាប្រពន្ធមានចិត្តខឹងយ៉ាងខ្លាំងទើបសម្រេចចិត្តខាំអណ្តាតខ្លួនឯងដើម្បីបញ្ចប់ជីវិតតែមិនបានសម្រេចត្រូវបានគេឃើញទាន់ជួយសង្គ្រោះខលហៅទៅរថយន្តសង្គ្រោះដើម្បីជួយ ។ ដោយចាំមើលផ្លូវរថយន្តសង្គ្រោះយូរទៅៗទើបសម្រេចចិត្តនាំគ្នាចងអង្រឹងសែងជនរងគ្រោះបណ្តើរខលហៅរថយន្តសង្គ្រោះបណ្តើរអស់ជាច្រើនម៉ោងនៅតែមិនឃើញមកទើបប្រទះឃើញកង់បីដែលបើកឆ្លងកាត់ហៅដឹកយកទៅមន្ទីរពេទ្យបង្អែកដែលនៅជិតប៉ុស្តិ៍រដ្ឋបាលសំរោងក្រោមដើម្បីសង្គ្រោះ។
គួររំលឹកថា ប្រជាពលរដ្ឋបានរិះគន់យ៉ាងខ្លាំងចំពោះរថយន្តសង្គ្រោះរដ្ឋមួយចំនួនដែលមិនគិតគូដល់ប្រជាពលរដ្ឋពេលដែលជួបផលលំបាក់ ឬក៏គិតថាប្រជាពលរដ្ឋក្រក្សត់មិនព្រមជួយទើបបានជាខលហៅហើយបែរជាលើកដាក់អ្នកនេះលើកដាក់អ្នកនោះទៅវិញ រឺមួយក៏ចាំតែពេលដែលទទួលបានផលប្រយោជន៍ទើបមកទទួល?៕




ដោយ៖ សុខាសែនជ័យ
...