ភ្នំពេញ៖ ដើម្បីធានាគុណភាពផ្លូវ និងស្ថាបនាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានបញ្ជាដល់កងកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកុងតឺន័រចំនួន២គ្រឿង ដែលបើកទាំងបំពានមកលើទីតាំងផ្លូវបេតុង ក្រុមការងារកំពុងស្ថាបនាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាការព្រមាន។
ហេតុការណ៍ខាងលើបានធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលេខ១៩៥៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោមការចុះបញ្ជាដឹកនាំផ្ទាល់ពីលោក សាំង សុភ័ក្រវិថិត្រ អភិបាលរង នៃគណៈអភិបាល នាំយករថយន្តទាំង២គ្រឿងត្រូវបានយកទៅរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីពិនិត្យទៅលើឯកសារ និងបច្ចេកទេសយានយន្ត ខណៈដែលរថយន្តទាំងនេះបានបើកចូលមកចតដើម្បីផ្ទេរទំនិញតាំងពីវេលាម៉ោង២២ និង១០នាទីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦មកម្ល៉េះ។
គួររំលឹកថា ជាញឹកញាប់លោក អភិបាលខណ្ឌសែនសុខ តែងបានរំលឹកឲ្យបងប្អូនអាជីវករ អ្នកដឹកជញ្ជូន ជួយថែរក្សាផ្លូវក្នុងមូលដ្ឋាន ជៀសវាងការដឹកធ្ងន់បណ្តាលឲ្យស្រុតប្រេះស្រាំនេះជាដើម៕
ដោយ៖ តុង សីហា