ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតី “សម្ពោធដាក់ឱ្យប្រើប្រាស់ បណ្តាញសាកលវិទ្យាល័យ សាយប័រកម្ពុជា សមិទ្ធផលបណ្តុះបណ្តាល និងបច្ចេកវិទ្យាឌីជីថល” ដែលពិធីនេះរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖
-សម្ដេចធិបតី បានថ្លែងកោតសរសើរដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញនូវចក្ខុវិស័យបុរេសកម្ម និងការច្នៃប្រឌិតនៅក្នុងវិស័យអប់រំ ។
-សម្ដេចធិបតី មានក្ដីរីករាយ និងមោទកភាព ចំពោះសមត្ថភាព របស់កូនខ្មែរ ដែលអាចផលិតបាននូវសម្ភារឧបករណ៍ប្រើប្រាស់ជាច្រើន ដូចប្រទេសរីកចម្រើននានា ដែរ។
-សម្តេចធិបតី ថ្លែងថា ការកសាងនូវធនធានមនុស្ស មិនអាចធ្វើតែមួយថ្ងៃបាននោះទេ ខណៈធនធានមនុស្សនេះ គឺជាកត្តាចាំបាច់បំផុត ក្នុងការអភិវឌ្ឍកម្ពុជាឲ្យ កាន់តែរីកចម្រើន ទៅមុខបន្ថែមទៀត។
-សម្ដេចធិបតី ថ្លែងអំពាវនាវដល់សាធាណជនទាំងអស់ សូមពង្រឹង សមត្ថភាពបន្ថែមលើបច្ចេកវិទ្យាឌីជីថល ដើម្បីក្លាយជាពលរដ្ឋឌីជីថលនៅក្នុងសង្គមទំនើបបច្ចុប្បន្ន។
-សម្តេចធិបតី ថ្លែងថា មានធនធានមនុស្សគឺមានឱកាស ក្នុងការប្រកួតប្រជែងជាមួយប្រទេសខាងក្រៅ ដូច្នេះហើយបានជារាជរដ្ឋាភិបាលបានខិតខំដាក់ចេញ នូវគោលនយោបាយពង្រីក និងលើកកម្ពស់នូវវិស័យអប់រំឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនោះ។
-សម្ដេចធិបតី ថ្លែងការគាំទ្រចំពោះគំនិតដែលមានលក្ខណៈបុរេសកម្ម និងការច្នៃប្រឌិតក្នុងវិស័យអប់រំ ដើម្បីកសាងបាននូវធនធានមនុស្ស។
-សម្ដេចធិបតី ថ្លែងជំរុញឱ្យកាត់បន្ថយគម្លាតវិស័យអប់រំឱ្យដល់តាមបណ្ដាខេត្តដែលជាកត្តាសំខាន់ តាមរយៈការចែករំលែកធនធានចំណេះដឹង ដោយការចងក្រងជាបណ្ដាញសកលវិទ្យាល័យ ។
-សម្ដេចធិបតី ថ្លែងថា គ្រឹះស្ថានសិក្សាទាំងអស់សូមបង្កើនការកែ ទម្រង់ និងសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា ឱ្យកាន់តែប្រសើរថែមទៀត។
-សម្ដេចធិបតី ថ្លែងជំរុញឱ្យគិតគូរបើកបង្រៀនតាមអនឡាញ ដើម្បីផ្ដល់ឱកាសដល់សិស្សនិស្សិតនៅតាម បណ្ដាខេត្តឆ្ងាយៗអាចមានឱកាសបន្តការសិក្សាដោយភាពងាយស្រួល ។
សូមជម្រាបជូនថា ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) គឺជាកិច្ចប្រឹងប្រែងថ្មីមួយទៀតរបស់រាជរដ្ឋា ភិបាល កម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ ដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជាឱ្យស្របតាម ការ រីកចម្រើនផ្នែកបច្ចេកវិទ្យា។
បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគោលបំណង៖ ទី១). បន្តនិរន្តរភាពនៃការ បណ្តុះបណ្តាលនៅ កម្រិត ឧត្ដមសិក្សា ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រោយពេលមានវិបត្តិ, ២). ពង្រឹងគុណភាព នៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដោយប្រើប្រាស់ថ្នាលអប់រំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ឱ្យ អស់លទ្ធភាពនូវធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សាក្នុងចំណោមសាកលវិទ្យាល័យជាសមាជិក, ៣). ផ្ដល់ លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សារវាងសាកលវិទ្យាល័យជាសមាជិក និង៤). បើកចំហធនធានសិក្សាទៅកាន់ អ្នក សិក្សាក្នុងតំបន់ និងសាកលលោក៕ដោយ៖តារា