ភ្នំពេញ៖ បញ្ហាជាតិស្រវឹងនេះ មិនគិតថាអ្នកឯងពលរដ្ឋ មន្ត្រីថ្នាក់ណា អ្នកច្បាប់ សមត្ថកិច្ច ឬមេធាវីអីទេ អោយតែគ្រប់គ្រងខ្លួនឯងមិនបានហើយ គឺប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ បើស្រវឹងហើយនៅបំពានលើការបើកបរ ។
ជាក់ស្តែងកាលពីវេលាម៉ោង២៣និង១០នាទីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ នៅត្រង់ចំណុចមុខហាងលក់ផ្លែឈើស្រស់ ឡោ មុយស្រេង ឋិតតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយរថយន្តទំនើប១គ្រឿងម៉ាក Land Cruiser 470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2-3989 បានរេចង្កូតទៅបុករនាំងដែកខណ្ឌចែកទ្រូងផ្លូវអស់ចំនួន៧ផ្ទាំង រួចបន្តបុករះទោចក្រយានយន្ត៣គ្រឿង និងម៉ូតូរ៉ឺម៉កកង់បី១គ្រឿងទៀត ទើបរថយន្តទៅមុខលែងរួច ប៉ុន្តែសំណាងផងដែរ គ្រាពុំមានបង្ករងរបួសធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ដល់ជីវិតមនុស្សម្នាទេ ស្របពេលបុរសអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗដែរ ។
សមត្ថកិច្ចបានអោយដឹងថាៈ បុរសអ្នកបើកបររថយន្តបង្កត្រូវបានគេស្គាល់ថា មានឈ្មោះ សំរេច កុសល អាយុ៣៦ឆ្នាំ ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ៨០០ ស្នាក់នៅផ្ទះលេខ១៧AB ផ្លូវលេខ៣៤៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ដោយឡែកសាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងបើកបរទំនងជាមានជាតិស្រវឹងផង ក្នុងទិសដៅពីត្បូងទៅជើងមានល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូតទៅបុករនាំងដែកខណ្ឌចែកទ្រូងផ្លូវបាក់អស់៧ផ្ទាំង រួចរថយន្តជ្រុលចង្កូតទៅខាងឆ្វេងបន្តបុករះម៉ូតូ៣គ្រឿង និងម៉ូតូរ៉ឺម៉កកង់បី១គ្រឿងទៀត បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងមុខ និងម៉ូតូរងការខូចខាតធ្ងន់ធ្ងរ ដោយគាបពីក្រោមរថយន្ត ទើបរថយន្តទៅមុខលែងរួច ប៉ុន្តែមិនឃើញមានមនុស្សរងគ្រោះថ្នាក់នោះទេ ។
ក្រោយពេលកើតហេតុ អ្នកបើកបរនិងរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញនាំយកទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ។
គួរបញ្ជាក់ជូនថា លោក សំរេច កុសល អាយុ៣៦ឆ្នាំ បានធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវីនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ មានអត្តលេខ៨០០ និងបម្រើការងារនៅការិយាល័យសាខានៃក្រុមមេធាវី កម្ពុជរដ្ឋ (ប្រចាំខេត្តកណ្តាល)។
មតិជាច្រើនបានលើកឡើងថាៈ មួយរយះនេះបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានកើតមានមិនលោះមានទាំងពេលយប់ និងពេលថ្ងៃ ដោយសារមិនគោរពច្បាប់ចរាចរណ៍ និងបើកបរដោយទទួលទានគ្រឿងស្រវឹងនេះជាដើម។ ករណីនេះផងដែរ សូម្បីតែលោកមេធាវី សំរេច កុសល ទោះគាត់យល់ច្បាប់ គោរពច្បាប់ចរាចរណ៍ក៏ដោយ តែដល់ពេលស្រវឹងហើយ ការគ្រប់គ្រងខ្លួនឯងមិនបាន គឺប្រថុយគ្រោះថ្នាក់បំផុត នេះសំណាងដែរ ខណះលោកមេធាវី មិនគ្រោះថ្នាក់និងមិនបង្កដល់មនុស្សម្នា គ្រាន់ខូចខាតទ្រព្យសម្បត្តិឯកជននិងរដ្ឋ ហើយសំណងជាការស្រេច៕
ដោយ៖ សីលា