តំណាងអយ្យការ បានរកឃើញបទល្មើសមួយទៀត លើឧក្រិដ្ឋជន ស្រី ស៊ីណា គឺបទល្មើសរំលោភលើលំនៅឋាន ដែលប្រឈមជាប់ពន្ធនាគារពីមួយខែ ទៅមួយឆ្នាំ!

ចែករំលែក៖

ភ្នំពេញ ៖ តំណាងអយ្យការ បានរកឃើញបទល្មើសមួយទៀត លើឧក្រិដ្ឋជន ស្រី ស៊ីណា គឺបទល្មើសរំលោភលើលំនៅឋាន ដែលប្រឈមជាប់ពន្ធនាគារពីមួយខែ ទៅមួយឆ្នាំ! ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការផ្លូវច្បាប់បន្ថែមទៀតលើឈ្មោះ ស្រី ស៊ីណារបស់ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់ សាធារណជនមេត្តាជ្រាបថា៖ បន្ទាប់ពីបានពិនិត្យលម្អិតបន្ថែមទៀត លើសំណុំរឿងករណីបាញ់ប្រហារ ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានបណ្តាលឱ្យមនុស្ស ០២ នាក់បានស្លាប់ និងមនុស្ស ០២ នាក់ទៀតបានរងរបួស កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤, តំណាងអយ្យការបាន ពិនិត្យឃើញថាជនសង្ស័យឈ្មោះ ស្រី ស៊ីណា បានដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ឡុង លីសុង ដោយពុំមានការអនុញ្ញាតពីភាគីជនរងគ្រោះឈ្មោះ ឡុង លីសុង ដែលជាម្ចាស់ផ្ទះឡើយ ដែលសកម្មភាពនេះ គឺបានបង្កើតជាបទល្មើសរំលោភលើលំនៅឋាន ។

ផ្អែកតាមអង្គហេតុខាងលើនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់បន្ថែមលើជនសង្ស័យ ឈ្មោះ ស្រី ស៊ីណា ពីបទ រំលោភលើលំនៅឋាន តាមមាត្រា ២៩៩ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលបទល្មើសនេះអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print