សម្តេចធិបតី ហ៊ុន ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញ​ “សំណេះសំណាល​ និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា”​

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ រសៀលថ្ងៃព្រហស្បតិ៍​ ទី២៧ មិថុនា ២០២៤នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញ“សំណេះសំណាល​ និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាសហគ្រាសធុនមីក្រូតូច និងមធ្យម”​ ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

  សម្ដេចធិបតី ថ្លែង​ថា​ បច្ចុប្បន្ននេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ៩០% លើមូលដ្ឋានផលិតកម្ម អាជីវកម្មសរុប, ផ្តល់ការងារពី ៦០% ទៅ៧០%  និងរួមចំណែក ៥០% នៃផលិតផលក្នុងស្រុកសរុបនៅទូទាំងពិភពលោក។

  សម្ដេចធិបតី ថ្លែងថា​ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ លេខ១៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា  ឆ្នាំ២០២៤ កំណត់យកថ្ងៃទី២៧ ខែមិថុនា រៀងរាល់ឆ្នាំ ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីលើកកម្ពស់និងផ្តល់តម្លៃដល់វិស័យនេះ ដែលជាមូលដ្ឋានគ្រឹះនិងកម្លាំងចលកររុញច្រានកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

  សម្ដេចធិបតី ថ្លែង​ថា​ វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមនេះគ្របដណ្តប់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ និងផ្តល់នូវអត្ថ-ប្រយោជន៍ជូនប្រជាជន និងធុរជនគ្រប់រូបតាមរយៈការបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្ថេរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។

  សម្ដេចធិបតី ថ្លែង​ថា​ ប្រព័ន្ធអេកូឡូស៊ីដែលមានភាពប្រទាក់ក្រឡាគ្នា គាំទ្រគ្នាទៅវិញទៅមកប្រកបដោយសហថាមពល នឹងបង្កើតនូវទំនុកចិត្ត និងភាពទាក់ទាញដល់ការបង្កើន និងការពង្រីកវិនិយោគបន្ថែមនៅកម្ពុជា។ ហេតុដូចនេះរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងពង្រីកការវិនិយោគសាធារណៈបន្ថែម លើហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានាដែលបម្រើដល់ការអភិវឌ្ឍនៃវិស័យ ក៏ដូចជាពង្រឹងយន្តការ ស្ថាប័ននិងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទប្រកបដោយនវានុវត្តន៍។

  សម្ដេចធិបតី ថ្លែងថា​ យោងតាមរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣,៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុប២,៩៨០,៥៦៩នាក់ ក្នុងនោះស្រ្តីមាន១,៨៤១,៣៦២នាក់។ លទ្ធផលជំរឿនបានបង្ហាញថា វិស័យ សហគ្រាសធុនមីក្រូ តូច និងមធ្យម បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុបស្មើ៦៣% និងផ្តល់ការងារលើសពី៧០%(ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម)។

  សម្ដេចធិបតី ថ្លែង​ថា​ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា មានឆន្ទៈ និងការប្តេជ្ញាមោះមុតក្នុងការបន្តអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ហើយបានដាក់ចេញនូវយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងគោលបំណងលើកកម្ពស់ គាំពារ និងពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធព្រមទាំងជំរុញ និងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។

  សម្ដេចធិបតី ថ្លែងថា​ ក្រសួងស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កំពុងបន្តខិតខំបង្កើនសមត្ថភាពនិងកែលម្អសេវាសាធារណៈរបស់ខ្លួនឱ្យកាន់តែងាយស្រួល រហ័ស និងមានប្រសិទ្ធភាព ហើយត្រូវបន្តធ្វើយ៉ាងណាឱ្យការផ្តល់សេវា ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ធុរកិច្ច និងរួមចំណែកបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងឆាកតំបន់ និងអន្តរជាតិ។

  សម្ដេចធិបតី ថ្លែង​ថា​ វិស័យឯកជនមានតួនាទីគន្លឹះក្នុងការទ្រទ្រង់ និងពង្រឹងប្រព័ន្ធអេកូឡូស៊ី។ រាជរដ្ឋាភិបាល ជំរុញ និងលើកទឹកចិត្តឱ្យវិស័យឯកជនបន្តរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាព, វិនិយោគលើការពង្រឹងស្តង់ដារ និងគុណភាពនៃផលិតផលនិងសេវាកម្មរបស់ខ្លួន, បង្កើនផលិតភាពតាមរយៈការបន្តបណ្តុះបណ្តាលបុគ្គលិកនិយោជិតនិងផ្តល់នូវរបបសន្តិសុខសង្គមក៏ដូចជាការចាប់យកបច្ចេកវិទ្យា និងទំនើបកម្មខ្សែច្រវាក់ផលិតកម្ម-សេវាកម្មរបស់ខ្លួន។

  សម្ដេចធិបតី ថ្លែង​ថា មានមោទនភាពដែលបរិស្ថានរបស់កម្ពុជាអំណោយផលដល់វិស័យឯកជនក្នុងនោះក្រុមហ៊ុនតូចៗក្នុងស្រុកជាច្រើន បានពង្រីកខ្លួនឯងទៅជាក្រុមហ៊ុនធំៗ តាមរយៈការពង្រឹងខ្លួនឯង ជាពិសេសការពង្រឹងអភិបាលកិច្ច ដើម្បីពង្រីកខ្លួនបាន។

  សម្ដេចធិបតី ថ្លែង​ថា អំពាវនាវដល់វិស័យឯកជនត្រូវខិតខំពង្រឹងខ្លួនឯង ដើម្បីក្លាយទៅជាតួអង្គមានលំនឹងកាន់តែច្រើនលើវិស័យឯកជននេះ ហើយកុំផ្ដេកផ្ដួលអាស្រ័យលើការផ្ដល់ការអនុគ្រោះពីរាជរដ្ឋាភិបាល ឬប្រទេសណាមួយនោះ។

  សម្ដេចធិបតី ថ្លែង​ថា តាមរយៈជំនួបជាមួយឯកឧត្តម ម៉ារីត សាងៀមផុង្ស (Maris SANGAMPONGSA) រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃព្រឹកមិញនេះ សម្ដេចបានជជែកគ្នាអំពីការទាក់ទាញទេសចរទៅវិញទៅមករវាងប្រទេសទាំងពីរ។

  សម្ដេចធិបតី ថ្លែងថា​ មកដល់ពេលនេះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានងើបឡើងវិញរើបៗហើយ។ ខណៈកំណើនសក្ដានុពលរបស់កម្ពុជាកើនឡើងលឿនជាងគេបើធៀបជាមួយប្រទេសក្នុងតំបន់លើការទាក់ទាញវិនិយោគិនថ្មីមកបណ្ដាក់ទុននៅកម្ពុជា៕ដោយ​៖តារា​

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print