អុីរ៉ង់ចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា នៅថ្ងៃសុក្រនេះ ប្រទេសអ៉ីរ៉ង់បានចាប់ផ្តើមរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី បន្ទាប់ពីប្រធានាធិបតីមុន គឺលោក Ebrahim Raisi បានទទួលមរណភាពក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីខែឧសភាកន្លងទៅ។

ស្របពេលដែលការបោះឆ្នោតខាងលើ ទំនងជានឹងមិននាំមកនូវ ការផ្លាស់ប្តូរធំដុំអ្វីឡើយនោះ ក្នុងគោលនយោបាយរបស់អ៉ីរ៉ង់ លទ្ធផលរបស់វា អាចនឹងជះឥទ្ធិពលដល់ការបន្តវេនពីលោក Ayatollah Ali Khamenei ដែលជាមេដឹកនាំកំពូលវ័យ៨៥ឆ្នាំរបស់សាធារណរដ្ឋអ៊ិស្លាមមួយនេះ និងដែលបានកាន់អំណាចអស់រយៈពេល ៣ទសវត្សរ៍កន្លះមកហើយ។ លោក Khamenei បានអំពាវនាវឱ្យមានការចូលរួមបោះឆ្នោតជាអតិបរមា បន្ទាប់ពីចំនួនអ្នកបោះឆ្នោតបានបន្តធ្លាក់ចុះ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ ចំពោះមុខការមិនពេញចិត្តរបស់ពលរដ្ឋអ៉ីរ៉ង់ ជុំវិញទុក្ខលំបាកផ្នែកសេដ្ឋកិច្ច បូករួមជាមួយការរឹតត្បិតលើសិទ្ធិសេរីភាពនយោបាយនិងសង្គម។
មណ្ឌលបោះឆ្នោតត្រូវបានបើកទ្វារនៅវេលាម៉ោង៨ព្រឹក ហើយនឹងបិទទៅវិញនៅម៉ោង៦ល្ងាច ប៉ុន្តែជាទូទៅតែងត្រូវបានពន្យារពេលដល់ពាក់កណ្តាលយប់ក៏មាន។ ការរាប់សន្លឹកឆ្នោតនៅអ៉ីរ៉ង់ គឺធ្វើឡើងដោយដៃ ខណៈដែលលទ្ធផលចុងក្រោយត្រូវរំពឹងថា នឹងប្រកាសក្នុងរយៈពេលប្រមាណ២ថ្ងៃ ប៉ុន្តែលទ្ធផលបឋម អាចនឹងចេញឆាប់ជាងនេះ។ ប្រសិនបើពុំមានបេក្ខជនណាឈ្នះបានសំឡេងយ៉ាងហោច៥០ភាគរយបូក១ទេនោះ ការបោះឆ្នោតជុំទី២ រវាងបេក្ខជនកំពូល២រូប នឹងត្រូវរៀបចំឡើងនៅថ្ងៃសុក្រដំបូង ក្រោយលទ្ធផលឆ្នោត ត្រូវបានប្រកាស។
ក្រុមប្រឹក្សាដ៏តឹងរ៉ឹងមួយ ដែលស្មោះស្ម័គ្រចំពោះលោក Khamenei គឺជាអ្នកត្រួតពិនិត្យលក្ខណសម្បត្តិរបស់បេក្ខជន ដែលឈរឈ្មោះបោះឆ្នោត។ ក្រុមប្រឹក្សានោះបានអនុម័តយល់ព្រមចំពោះបេក្ខជនត្រឹម៦រូបប៉ុណ្ណោះ ពីបញ្ជីឈ្មោះបេក្ខជនសរុបដំបូងចំនួន៨០នាក់។ ក្រោយមកទៀត បេក្ខជន២នាក់ ក៏បានដកខ្លួនចេញ ដោយបច្ចុប្បន្ននៅសល់៤នាក់ ដែលមានឈ្មោះក្នុងសន្លឹកឆ្នោត។ ក្នុងនោះចំណោមបេក្ខជនលេចធ្លោជាងគេ រួមមានលោក Mohammad Baqer Qalibaf ដែលជាប្រធានសភាអ៉ីរ៉ង់ និងជាអតីតមេបញ្ជាការកងឆ្មាំបដិវត្តន៍ ព្រមទាំងលោក Saeed Jalili ជាអតីតមន្រ្តីចរចាបញ្ហានុយក្លេអ៊ែរ ដែលធ្លាប់បម្រើការងារ៤ឆ្នាំ ក្នុងការិយាល័យរបស់លោក Khamenei។
នៅក្នុងប្រទេសអ៉ីរ៉ង់ លោក Khamenei គឺជាបុគ្គលកំពូលដែលមានសិទ្ធិសម្រេចលើការងារសំខាន់ៗគ្រប់យ៉ាងរបស់រដ្ឋ។ ប្រធានាធិបតីមានតួនាទីដឹកនាំប្រតិបត្តិការប្រចាំថ្ងៃរបស់រដ្ឋាភិបាល និងអាចជះឥទ្ធិពលតិចតួចលើ ឥរិយាបថនៃគោលនយោបាយក្នុងស្រុក និងការបរទេសរបស់អ៉ីរ៉ង់៕ ដោយធីរីណា

...

រូប​ថត​: qdnd.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print