ភ្នំពេញ៖ ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោកអធិការនគរបាលខណ្ឌ មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ១៤៧សន្លឹក ជូនដល់ប្រជាពលរដ្ឋ នៅក្នុងភូមិត្រពាំងសំរិត សង្កាត់គងនយ ខណ្ឌដង្កោ។
ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានធ្វើការសាកសួរសុខទុក្ខ និងផ្តាំផ្ញើអំពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះបញ្ហាសេវាតម្រូវការរបស់ប្រជាពលរដ្ឋ តួយ៉ាងដូចជាការផ្តល់អត្តសញ្ញាណប័ណ្ណនេះជាដើម។ លោកអភិបាលក៏បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាអត្តសញ្ញាណប័ណ្ណដែលទទួលបាននៅថ្ងៃនេះ ឲ្យបានល្អប្រសើរជៀសវាងការខូចខាត ឬបាត់បង់ ហើយប្រសិនបើមានបញ្ហាកើតឡើង ត្រូវរាយការណ៍បន្ទាន់មកកាន់សមត្ថកិច្ច ព្រោះអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺជាឯកសារសំខាន់សម្រាប់ប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃ សម្រាប់សម្គាល់អត្តសញ្ញាណ របស់ប្រជាជនខ្មែរ ហើយសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតខាងមុខនេះផងដែរ។ ជាមួយគ្នា លោកអភិបាលក៏បានសាកសួរអំពីបញ្ហា និងកង្វល់នានារបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់ ដើម្បីយកទៅដោះស្រាយឲ្យបានចំបញ្ហា និងទាន់ពេលវេលាជូនពួកគាត់។
គួរបញ្ជាក់ថាៈ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទាំង១៤៧សន្លឹក ដែលត្រូវចែកជូនប្រជាពលរដ្ឋភូមិត្រពាំងសំរិត នៅថ្ងៃនេះ គឺជាអត្តសញ្ញាណប័ណ្ណ ដែលទើបតែទទួលបានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលអត្តសញ្ញាណប័ណ្ណចាស់បានបាត់ និង ផុតសុពលភាព ៕
ដោយ៖ ជីម ភារ៉ា ដង្កោ