ខេត្តពោធិ៍សាត់៖ ក្មេងប្រុស២នាក់ជាបងប្អូនបង្កើតបានយកដបទឹកក្រូចចំណុះ២លីត្រធ្វើពោងជិះលេងក្នុងស្ទឹងតូចនៅទល់មុខផ្ទះបណ្ដាលឲ្យលង់ស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិកំពង់រកា ឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះទាំង២នាក់ដែលលង់ទឹកស្លាប់នេះម្នាក់ឈ្មោះ ព្រឹក្ស ចាន់ដា អាយុ៥ឆ្នាំនិងម្នាក់ទៀតឈ្មោះ ព្រឹក្ស ពេជចិន្តា អាយុ២ឆ្នាំ ជាបងប្អូនបង្កើតនឹងគ្នា មានឪពុកឈ្មោះ ហុង បូព្រឹក្ស អាយុ៤៥ឆ្នាំមានមុខរបរជាអ្នករត់ម៉ូតូឌុប និងម្ដាយឈ្មោះ ឃួន ចាន់ណា ហៅទូច អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ គ្រួសារនេះមានកូន៤នាក់នៅក្នុងបន្ទុក ហើយកូនដែលលង់ទឹកស្លាប់នេះជាកូនទី៣ និងទី៤ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុចន្លោះពីម៉ោង១១ទៅម៉ោង១២ថ្ងៃត្រង់ ម្ដាយរវល់ដាំស្លក្នុងផ្ទះ ហើយកូនៗនៅរត់លេងជុំវិញនោះ ឯឪពុកទៅរត់ម៉ូតូឌុបនៅឯផ្សារទីរួមខេត្តពោធិ៍សាត់ដូចសព្វមួយដង ។ នៅពេលចំអិនអាហាររួចរាល់ ម្ដាយបានទៅហៅកូនៗឲ្យមកហូបបាយជុំគ្នា ស្រាប់តែបាត់មិនដឹងទៅណា? ពេលនោះស្ត្រីជាម្ដាយបានដើររកតាមផ្ទះអ្នកជិតខាងនៅតែមិនឃើញ ។ អ្នកជិតខាងបានប្រាប់ថា មុននេះមួយសន្ទុះឃើញក្មេងទាំង២នាក់កាន់ដបទឹកក្រូចចំណុះ២លីត្រដើរទៅដើរមកលើថ្នល់ ប៉ុន្តែមិនបានចាប់អារម្មណ៍ ។ ដោយឃើញដបទឹកក្រូចនោះអណ្ដែតលើទឹកស្ទឹង(ទឹកមិនហូរ)មានការសង្ស័យក៏នាំគ្នាចុះរាវរក ស្រាប់តែប្រទះឃើញក្មេងទាំង២នាក់លិចក្នុងបាតស្ទឹង លុះពេលស្រង់មកបានស្លាប់ទាំង២នាក់បាត់ទៅហើយ ក៏មានការភ្ញាក់ផ្អើលតែម្ដង ។
នៅល្ងាចថ្ងៃកើតហេតុនោះ បន្ទាប់ពីទទួលបានដំណឹងភ្លាមសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់បាននាំយកអំណោយមនុស្សធម៌ទៅផ្ដល់ជូនជាបន្ទាន់ ក្នុងនោះមានអង្ករ៥០គីឡូក្រាម ទឹកបរិសុទ្ធ២កេស ទឹកក្រូច២កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ និងថវិការ២០ម៉ឺនរៀល ៕
ដោយ៖ សហការី