ភ្នំពេញ៖ ប្រជាពលរដ្ឋ ១០៥ គ្រួសារដែលមានជីវភាពខ្វះខាតរស់នៅក្នុងសង្កាត់វាលស្បូវខណ្ឌច្បារអំពៅ បានទទួលប័ណ្ណមូលនិធិសមធម៌ ប័ណ្ណ គ្រួសារងាយរងហានិភ័យ ប័ណ្ណសំរាប់គ្រួសារអតីតយុទ្ធជនពលី និងប័ណ្ណសំរាប់ជនពិការ ។
ពិធីចែកប័ណ្ណទាំងបួនប្រភេទខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នៅបរិវេណ វត្ត ពុទ្ធស្ថាន ស្ថិតនៅ សង្កាត់វាលស្បូវ
ខណ្ឌច្បារអំពៅ ក្រោមវត្តមានលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នឹងមានការចូលរួម លោកស្រីយន់ សុផល ចៅសង្កាត់វាលស្បូវ ,លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ,លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ, ព្រមទាំងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មកទទួលប័ណ្ណចំនួន១០៥ ។
លោកចេងមុនីរ៉ាអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋដូច្នេះថា ប័ណ្ណ ទាំងបួនប្រភេទនេះគឺមានអត្ថប្រយោជន៍ គុណប្រយោជន៍ និងគុណតម្លៃណាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន អ៊ំពូមីង ទាំងអស់គ្នា។ ចំពោះគ្រួសារណាដែលទទួលបានប័ណ្ណមូលនិធិសមធម៍ ពេលមានបញ្ហាសុខភាពទៅពិនិត្យនៅមន្ទីរពេទ្យមិនអស់លុយទេព្រមទាំងទទួលបានសាច់ប្រាក់ទៀត ។ ហើយប័ណ្ណនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល ដែលអតីតមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីហើយបច្ចុប្បន្នត្រូវបានបន្តវេនដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។
លោកអភិបាលខណ្ឌបានបន្តថា បងប្អូន អ៊ំពូមីង នៅតាមមូលដ្ឋានគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរ សមត្ថកិច្ច ក្នុងការអនុវត្តគោលនយោបាយ ( ភូមិ-សង្កាត់ មានសុវត្ថិភា ) ដើម្បី សហគមន៍យើងមានសុខសន្តិភាពរស់នៅក្នុងភាពសុខដុមរមនា មិនមានការភ័យខ្លាចដែលបង្កឡើងដោយជនខិលខូចឬមុខសញ្ញាផ្សេងៗ ដូចជាគ្រឿងញៀនចោរកម្ម ក្មេងទំនើងជាដើម ។
ក្នុងនាមអាជ្ញាធរខណ្ឌស្នើសុំឲ្យបងប្អូន អ៊ំពូមីង នៅតាមមូលដ្ឋានពេលជួបមុខសញ្ញាសង្ស័យ , សកម្មភាពក្មេងទំនើង និងមុខសញ្ញាប្រើប្រាស់ឬចែកចាយគ្រឿងញៀន សូមផ្ដល់ព័ត៌មានជាបន្ទាន់ មកអាជ្ញាធរសង្កាត់ខណ្ឌឬសង្កាត់ ដើម្បីចាត់វិធានការបង្ក្រាបទាន់ពេលវេលា ។ ហើយរាល់ព័ត៌មានរបស់បងប្អូន អ៊ំពូមីង ដែលបានផ្តល់មកអោយ អាជ្ញាធរសមត្ថកិច្ចនឹងរក្សាការសម្ងាត់ជូនថែមទាំងការពារសុវត្ថិភាពរបស់បងប្អូនទៀតផង ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌច្បារអំពៅ ក្នុងនាមអាជ្ញាធរខណ្ឌសូមអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ទាំងអស់សូមកុំជួលផ្ទះឲ្យក្រុមរកស៊ីបើក ល្បែងអនឡាញ ឆ្នោតឡូតូ និងល្បែងស៊ីសងផ្សេងៗ ទៀត ។ ល្បែងស៊ីសងទាំងអស់នោះត្រូវបាន ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេច មហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ចេញបញ្ជាឲ្យលុបបំបាត់ខាងតែបាន នៅទូទាំងប្រទេស មិនថាតែនៅក្នុងខណ្ឌច្បារអំពៅប៉ុណ្ណោះទេ ។ ដូច្នេះសូមបងប្អូនទាំងអស់រស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅចូលរួមជាមួយអាជ្ញាធរ សមត្ថកិច្ចខណ្ឌ ក្នុងការអនុវត្តបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រីឲ្យបានម៉ឺងម៉ាត់បំផុត ៕ ដោយ៖ សណ្តោស