រលកកំដៅ និងភ្លៀងធ្លាក់ខ្លួនអាចបន្តអូសបន្លាយ ក្នុងតំបន់ជាច្រើនក្នុងប្រទេសចិន

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ ២០២៤ បានផ្សាយថា ការិយាល័យអាកាសធាតុ បានចេញការព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា ចិនកំពុងប្រឈមមុខនឹងរលកកំដៅខ្លាំង និងយូរជាងមុន ក៏ដូចជាភ្លៀងធ្លាក់ខ្លាំងញឹកញាប់ មិនអាចទាយទុកជាមុនបាន ដោយសារតែកត្តាបម្រែបម្រួលអាកាសធាតុ ខណៈប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកមួយនេះ ត្រូវប្រឈមនឹងរដូវក្តៅខ្លាំងមួយទៀត។

រដ្ឋបាលឧតុនិយមចិន (CMA) បានព្រមានថា សីតុណ្ហភាពអតិបរមានៅទូទាំងប្រទេស អាចកើនឡើងថែមពីចន្លោះ ១.៧អង្សាសេទៅ ២.៨អង្សាសេទៀត និងមិនធ្លាប់មានក្នុងរយៈពេល ៣០ឆ្នាំនៅភាគខាងកើតប្រទេសចិន ហើយតំបន់ភាគពាយ័ព្យគឺ Xinjiang នឹងរងគ្រោះខ្លាំងជាងគេ។ លោកស្រី Yuan Jiashuang អនុប្រធានមជ្ឈមណ្ឌលអាកាសធាតុជាតិនៃ CMA បានប្រាប់សន្និសីទសារព័ត៌មានថា ប្រសិនបើការបំភាយឧស្ម័ននៅតែមានកម្រិតខ្ពស់ រលកកំដៅខ្លាំងដែលរំពឹងថានឹងកើតឡើងម្តង រៀងរាល់ ៥០ឆ្នាំក្នុងប្រទេសចិន អាចកើតមានរាល់ឆ្នាំចាប់ពីចុងសតវត្សន៍នេះទៅ ហើយរបាយទឹកភ្លៀងអាចកើនឡើងទ្វេដង និងមិនអាចទាយទុកជាមុនបាន។
បើតាមការព្យាករពីការិយាល័យអាកាសធាតុនៅថ្ងៃព្រហស្បតិ៍នេះ សីតុណ្ហភាពក្នុងតំបន់ភាគច្រើននៅទូទាំងប្រទេសចិន នឹងបន្តឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដែលជាសញ្ញានៃរដូវក្តៅជាលើកទីពីរ ជាប់ៗគ្នា។ ដោយឡែក ព្យុះភ្លៀង និងទឹកជំនន់ ក៏កំពុងវាយលុកភាគខាងត្បូងប្រទេសចិនផងដែរ ហើយសីតុណ្ហភាពដែលបានបំបែកកំណត់ត្រា នៅផ្នែកជាច្រើននៃភាគខាងជើង និងភាគកណ្តាល បានគំរាមកំហែងដល់ដំណាំ និងដាក់សម្ពាធលើបណ្តាញអគ្គិសនី។ ព្យុះទីហ្វុងចំនួន ២ ក៏ត្រូវបានព្យាករថា នឹងបោកបក់មកលើប្រទេសចិនក្នុងខែកក្កដានេះ ហើយអាចផ្លាស់ទីនៅទិសខាងលិច ឬខាងលិចឆៀងខាងជើង។
គួរបញ្ជាក់ថា ទិន្នន័យផ្លូវការបង្ហាញថា កម្រិតសីតុណ្ហភាពក្នុងប្រទេសចិន ចាប់ពីខែមីនាដល់ខែកក្កដានេះ បានបំបែកកំណត់ត្រាខ្ពស់ មិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ ១៩៦១មក។ ចំពោះបញ្ហាភ្លៀងធ្លាក់ កាលពីឆ្នាំមុន ព្យុះទីហ្វុងដ៏មានឥទ្ធិពលចំនួនពីរគឺ Doksuri និង Haikui បានបំបែកកំណត់ត្រានៅក្នុងតំបន់មួយចំនួន បង្កឲ្យមានទឹកជំនន់ និងការជម្លៀសចេញយ៉ាងទូលំទូលាយ៕

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print