ក្រសួងអប់រំបើកកិច្ចប្រជុំពិភាក្សាលើសំណើរបស់គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើររបស់គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោក លោកស្រី មន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យពិភាក្សា និងពិគ្រោះយោបល់ ទៅលើសំណើចំនួន៣ របស់គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ ដើម្បីឱ្យការផ្គត់ផ្គង់សៀវភៅសិក្សាគោលជូនសាលារៀនបានគ្រប់គ្រាន់ទាន់ពេលវេលា និងអាចប្តូរសៀវភៅសិក្សាគោលដែលទើបត្រូវបានអភិវឌ្ឍថ្មីចំនួន ៥៤ចំណងជើងឱ្យទៅបានរលូន ដែលសំណើទាំង៣នោះរួមមាន៖

 – ស្នើសុំបង្កើនថវិកាបន្ថែមពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧ ដើម្បីឱ្យក្រសួងអប់រំ យុវជន និងកីឡាមានលទ្ធភាពប្តូរសៀវភៅសិក្សាគោលថ្មី ៥៤ចំណងជើង (ត្រូវប្តូរក្នុងរយៈពេល ៣ឆ្នាំ)។ ចាប់ពីឆ្នាំ២០២៨ទៅ តម្រូវការថវិកាកម្មវិធីអាច ថយចុះ ព្រោះការផ្គត់ផ្គង់គ្រាន់តែជំនួសសៀវភៅដែលខូចដោយការប្រើប្រាស់ក្នុងមួយឆ្នាំៗប៉ុណ្ណោះ។

 – ស្នើសុំពន្លឿនការស្នើសុំគោលការណ៍ធានាចំណាយសម្រាប់ឆ្នាំនីមួយៗ ដើម្បីឆាប់បានអនុវត្តកិច្ច លទ្ធកម្មសាធារណៈក្នុងការផ្គត់ផ្គង់សៀវភៅសិក្សាគោលជូនសាលារៀន។

 – ស្នើសុំឱ្យមានគោលការណ៍ចរចាថ្លៃបោះពុម្ព-ដឹកជញ្ជូនសៀវភៅសិក្សាគោលជូនសាលារៀន រវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយក្រុមហ៊ុនឯកជនណាមួយដែលមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ដូចបានអនុវត្ត ៣ឆ្នាំកន្លងមក ដើម្បីចៀសវាងការចំណាយពេលវេលាច្រើន លើការអនុវត្តនីតិវិធីដេញថ្លៃប្រកួតប្រជែងជាសាធារណៈ។

ក្នុងឱកាសនេះបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបាន ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគ្រឹះស្ថានបោះ ពុម្ព និងចែកផ្សាយ ដែលបានចូលរួមចំណែកក្នុងការធា នាឱ្យសៀវភៅដែលបានបោះពុម្ពទៅដល់សាលារៀន។ លើសពីនេះបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តអ្នកពាក់ព័ន្ធឱ្យបន្តធ្វើបច្ចុប្បន្នភាព កែលម្អសៀវភៅគោលសិក្សា ក៏ដូចជាបោះពុម្ពសៀវភៅដែលបានកែលម្អហើយ និងរក្សាចំនួនសៀវភៅដែលទៅដល់សាលារៀន ដោះស្រាយចំពោះបញ្ហាបោះពុម្ព និងមាន ការពិនិត្យសៀវភៅឱ្យបានច្បាស់ លាស់នៅពេលបន្ត បន្ទាប់ទៀត និងសូមថ្លែងអំណរ គុណដល់នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា ដែលបានរៀបចំ និងពិនិត្យឡើង វិញនូវសៀវភៅវិទ្យាសាស្ត្រ និងសៀវភៅវិទ្យាសាស្ត្រសង្គមពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ និងលើកទឹកចិត្តអ្នកពាក់ព័ន្ធទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅប្រទេសកម្ពុជា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print