អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា ប្រាប់កម្លាំងសណ្តាប់ធ្នាប់ថា ជៀសឱ្យឆ្ងាយពីគ្រឿងញៀននិងល្បែងស៊ីសង

ចែករំលែក៖

ភ្នំពេញ៖ សូមសសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ ដែលកន្លងមកបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្អាតបរិស្ថានអនាម័យ សម្រួលចរាចរ ចុះពង្រឹងច្បាប់ចរាចរ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន ។

ខាងលើនេះជាការលើកឡើងរបស់លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅគ្រាដែលលោកអភិបាលខណ្ឌជួបសំណេះសំណាលនិងចែកអំណោយ ជាអង្ករនិងថវិការដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន៥០នាក់ កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នៅបរិវេណសាលាខណ្ឌ ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌ បានដាស់តឿនក្រើន រំលឹក ដល់កងកម្លាំងសណ្ដាប់ធ្នាប់ ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៍ វិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឲ្យខាងតែបាន នូវពាក្យថា ( ៣ កុំ ) ជាពិសេសពេលចុះបំពេញការងារ រៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ក៍ដូចជាចុះល្បាតក្នុងភូមិសាស្ត្រខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវតួនាទីភារៈកិច្ចរបស់យើង គឺទន់ភ្លន់ តែមិនទន់ជ្រាយត្រូវតែម៉ឺងម៉ាត់ ។
ថ្លែងទៅកាន់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ លោកអភិបាលខណ្ឌបានបញ្ជាក់អត្ថន័យពក្យ ( ៣ កុំ ) ដូច្នេះថា ទី១- កុំលេងល្បែងស៉ីសងគ្រប់ប្រភេទ , ទី២-កុំពាក់ព័ន្ធឬសេពគ្រឿងញៀន , ទី៣-ឈ្លោះទាស់ទែងគ្នា ត្រូវរក្សាបានអោយសាមគ្គីភាពផ្ទៃក្នុង ។ សូមកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្ត ( ៣ កុំ ) អោយបាន បើបុគ្គលណាម្នាក់លួចលេងល្បែងស៉ីសង លួចសេពគ្រឿងញៀន ខុសវិន័យកងកម្លាំងត្រូវបញ្ឈប់ពីការងារ ។ មួយទៀតកុំឈ្លោះទាស់ទែងគ្នាវាមិនល្អទេ ធ្វើអោយប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ។ និយាយ រួមត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មានវិន័យល្អ និងអនុវត្តតាមការណែនាំរបស់អង្គភាព ។ ចំនុចសំខាន់មួយទៀត ពេលចុះអនុវត្តការងារត្រូវរក្សាអោយបាន នូវសេចក្តីថ្លៃថ្នូ កុំប្រើអាកប្បកិរិយាច្រងែង ច្រង៉ាង ឬពាក្យសំដីមិនសមរម្យទៅលើ ប្រជាពលរដ្ឋ ជាពិសេសពេលចុះរៀបចំ សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈតែងតែមានការប៉ះទង្គិចជាមួយមហាជន ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានដាក់ផែនការអោយកម្លាំងសណ្តាប់ខណ្ឌទាំងអស់ត្រូវចុះល្បាតជាប្រចាំតាមគោលដៅនានាដែលជាទីតាំងងាយរងគ្រោះដោយក្រុមក្មេងទំនើងប្រមូលផ្តុំគ្នា តំបន់ស្មុគ្រស្មាញ និងទីតាំងដែលសំបូរបន្ទប់ជួល ៕
ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print