សារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤ បានដកស្រង់ប្រភពព័ត៌មានពីក្រសួងមហាផ្ទៃនៃប្រទេសអ៉ីរ៉ង់ដែលបានប្រកាសថា បេក្ខជនប្រកាន់និន្នាការកំណែទម្រង់និយម លោក Masoud Pezeshkian នាថ្ងៃសៅរ៍នេះ គឺជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអ៉ីរ៉ង់ជុំទី២ ដែលជាជុំចុងក្រោយ ក្រោយផ្តួលបេក្ខជនអភិរក្សនិយម លោក Saeed Jalili។
លោក Pezeshkian ទទួលបានសំឡេងគាំទ្រជាង១៦លានសំឡេង ខណៈលោក Jalili ទទួលបានជាង១៣លានសំឡេងក្នុងចំណោមសន្លឹកឆ្នោតសរុបប្រហែល៣០លានសន្លឹក ដែលត្រូវបានបោះ។ អត្រាប្រជាជនអ៉ីរ៉ង់មានសិទ្ធិបោះឆ្នោតដែលបានទៅចូលរួមបោះជុំទី២នេះ គឺ៤៩.៨ ភាគរយ។ អត្រានេះ មិនជាខុសគ្នាប៉ុន្មានឡើយជាមួយនឹងអត្រា៤០ភាគរយនៃប្រជាជនអ៉ីរ៉ង់មានសិទ្ធិបោះឆ្នោតសរុប ៦១លាននាក់ ដែលបានបោះឆ្នោតក្នុងជុំទី១ ពោលវាគឺជាអត្រាទាបបំផុតក្នុងចំណោមការបោះឆ្នោតរើសប្រធានាធិបតីអ៉ីរ៉ង់នានា ដែលត្រូវបានរៀបចំឡើង គិតចាប់តាំងពីបដិវត្តន៍អ៊ិស្លាម ឆ្នាំ១៩៧៩។ មុនការបោះឆ្នោតចាប់ផ្តើម មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានព្យាយាមអំពាវនាវឱ្យប្រជាជនទៅចូលរួមបោះឆ្នោតឱ្យផុសផុលដែរ តែហាក់គ្មានប្រសិទ្ធភាព។
ក្នុងការបោះឆ្នោតជុំទី១កាលពីសប្តាហ៍មុន លោក Pezeshkian ដែលជាបេក្ខជនកំណែទម្រង់និយមតែម្នាក់គត់ ដែលត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះប្រកួតប្រជែងបានឈ្នះសំឡេងគាំទ្រច្រើនជាងគេបង្អស់ គឺប្រមាណជា៤២ភាគរយ ខណៈលោក Jalili ដែលជាអតីតមន្រ្តីទទួលបន្ទុកចរចាបញ្ហានុយក្លេអ៊ែរ ទទួលបានការគាំទ្រ ស្ថិតនៅចំណាត់ថ្នាក់ទី២ ជាមួយសំឡេង៣៩ភាគរយ។ ចំណែកឯ បេក្ខជន២នាក់ផ្សេងទៀត គឺប្រធានសភាអ៉ីរ៉ង់ លោក Mohammad Bgher Ghalibaf ឈរនៅលេខរៀងទី៣ជាមួយសំឡេង១៣.៨ភាគរយ ខណៈបុព្វជិត ឈ្មោះ Mostafa Pourmohammadi ទទួលបានការគាំទ្រមិនដល់ សូម្បីតែ១ភាគរយ។
ការជាប់ឆ្នោតរបស់លោក Pezeshkian ដែលពីមុនមកមិនសូវមាននរណាស្គាល់ឡើយនោះ គឺជាការផ្តល់ក្តីសង្ឃឹមមួយសម្រាប់ប្រជាជនអ៉ីរ៉ង់ទាំងឡាយ ដែលគាំទ្រការកែទម្រង់ បន្ទាប់ពីសាធារណរដ្ឋអ៊ិស្លាមមួយនេះ បានស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមអ្នកអភិរក្សនិយម និងអ្នកអភិរក្សនិយមជ្រុលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទោះជាបែបនេះក្តី នៅក្នុងប្រទេសអ៉ីរ៉ង់ លោក Khamenei គឺជាបុគ្គលកំពូលដែលមានសិទ្ធិសម្រេចលើការងារសំខាន់ៗគ្រប់យ៉ាងរបស់រដ្ឋ។ ប្រធានាធិបតីមានតួនាទី ដឹកនាំប្រតិបត្តិការប្រចាំថ្ងៃរបស់រដ្ឋាភិបាល និងអាចជះឥទ្ធិពលតិចតួចលើឥរិយាបថនៃគោលនយោបាយក្នុងស្រុក និងការបរទេសរបស់អ៉ីរ៉ង់។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអ៉ីរ៉ង់ខាងលើនេះ ដំបូងឡើយគឺត្រូវធ្វើឡើងនៅឆ្នាំ២០២៥ ឯណោះទេ ប៉ុន្តែវាបានប្រព្រឹត្តទៅមុនពេលកំណត់បែបនេះ ដោយសារប្រធានាធិបតីលោក Ebrahim Raisi បានទទួលមរណភាព នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីខែឧសភា៕ ដោយធីរីណា
រូបថត: Reuters