ព័ត៌មានសង្ខេប៖ សកម្មភាពការងារសំខាន់ៗរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រចាំសប្ដាហ៍ទី១ ខែកក្កដា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ ផ្ដើមពីថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ឧនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង លោក គួច ចំរើន ជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ជំនួសលោក គង់ សោភ័ណ្ឌ ដែលមកកាន់មុខតំណែងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ក្នុងចំណោមប្រធានបទសំខាន់ៗ លោកអភិសន្តិបណ្ឌិត បានណែនាំឱ្យរដ្ឋបាលខេត្តយកចិត្តទុកដាក់ពង្រឹងកិច្ចការពារបូរណភាពទឹកដី កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលខេត្តកណ្ដាលជាខេត្តលេខ១មានគ្រោះថ្នាក់ច្រើន និងត្រូវមានភាពច្នៃប្រឌិតទាក់ទាញភ្ញៀវទេសចរណ៍ ពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសសណ្ដាប់ធ្នាប់ដងផ្លូវ និងត្រូវគោរពរបបធ្វើការតាមឋានានុក្រម។

នៅរសៀលថ្ងៃដដែល លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានបន្តអញ្ជើញប្រកាសចូលកាន់មុខតំណែង លោក វ៉ី សំណាង ជាអភិបាល នៃគណៈអភិបាលខេត្តតាកែវ ជំនួសលោក អូច ភា ដែលមកកាន់មុខតំណែងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ក៏ដូចខេត្តកណ្ដាលដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យរដ្ឋបាលខេត្តតាកែវ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត លើកិច្ចការពារបូរណភាពទឹកដី។ ក្រៅពីនេះ ត្រូវខិតខំទាក់ទាញគម្រោងវិនិយោគដែលរាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិសម្រេចចាប់ពី៥លានដុល្លារចុះ និងត្រូវបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានម៉ឺងម៉ាត់រាល់បទល្មើសព្រហ្មទណ្ឌ រួមទាំងបទល្មើសប្រឈមថ្មីៗ ដូចជាអំពើឆបោកតាមប្រព័ន្ធអនឡាញ ល្បែងស៊ីសង និងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស។

នៅថ្ងៃបន្ទាប់ គឺនៅថ្ងៃអង្គារទី២ ខែកក្កដា លោកអភិសន្តិបណ្ឌិត បានអញ្ជើញសម្ពោធ និងបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ២។ សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នោះ រួមមានផ្ទាំង LED តុ កៅអី សម្ភារៈគាំទ្រ ផ្លូវ សួនច្បារអមជុំវិញបរិវេណអគារ ព្រមទាំងសម្ភារៈគាំទ្រមួយចំនួនទៀត សរុបតម្លៃជាង២៧ម៉ឺនដុល្លារអាម៉េរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង និងលោកស្រី ព្រមទាំងសប្បុរសជននានា។ ចំណែកសិស្សនគរបាលបញ្ចប់វគ្គបណ្ដុះបណ្ដាលនាឱកាសនោះ មានចំនួន១៩១នាក់ មកពីអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង និងខេត្តត្បូងឃ្មុំ។

លោកអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ការបណ្តុះបណ្តាលមន្ដ្រីនគរបាលជាតិ គឺជាការងារចាំបាច់ ដែលបន្តធ្វើជាប់ជាប្រចាំនិងដោយគ្មានទីបញ្ចប់ ដើម្បីឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងទាំងផ្នែកទ្រឹស្តី សមត្ថភាពជំនាញ និងអាកប្បកិរិយាល្អ ក្នុងការរក្សាសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សង្គមល្អ។ ប្រមុខក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ដែរថាសម្រាប់ឆ្នាំថ្មីនេះ ក្នុងចំណោមនគរបាលជាតិដែលនឹងត្រូវជ្រើសរើស លោកបានសម្រេចផ្ដល់អាទិភាពខ្ពស់បំផុតដល់ក្របខណ្ឌនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលជាកម្លាំងបម្រើសេវាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសេវារដ្ឋបាលផ្ទាល់ជាមួយប្រជាពលរដ្ឋ ដោយកាត់បន្ថយជាអតិបរមាសម្រាប់ក្របខណ្ឌនៅថ្នាក់ក្រសួង។

ឈានចូលថ្ងៃទី៣ ខែកក្កដា លោកអភិសន្តិបណ្ឌិត ស សុខា បានបន្តអញ្ជើញទៅកាន់សាលាខេត្តកំពង់ស្ពឺ ដើម្បីប្រកាសចូលកាន់មុខតំណែង លោក ជាម ច័ន្ទសោភ័ណ ជាអភិបាល នៃគណៈអភិបាលខេត្ត ជំនួសលោក វ៉ី សំណាង។ ជាការកត់សម្គាល់ លោកអភិសន្តិបណ្ឌិត បានកោតសរសើរខេត្តកំពង់ស្ពឺដែលបានអនុវត្តគោលការណ៍តឹងរឹងចំពោះការផ្សព្វផ្សាយផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ និងទាក់ទាញគម្រោងវិនិយោគតម្លៃក្រោម៥លានដុល្លារបានច្រើនជាងគេ។ លោកអភិសន្តិបណ្ឌិ ក៏បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្តទាំងអស់ កុំអនុញ្ញាតនិងទប់ស្កាត់ឱ្យបានជាដាច់ខាត ការផ្សព្វផ្សាយល្បែងស៊ីសងតាមទីសាធារណៈ លើកលែងតែតាមទីតាំងឯកជនដែលទទួលបានការអនុញ្ញាតតាមផ្លូវច្បាប់។

ចេញពីខេត្តកំពង់ស្ពឺ លោកអភិសន្តិបណ្ឌិត បានបន្តដំណើរទីកាន់ខេត្តព្រះសីហនុ ដើម្បីប្រកាសចូលកាន់មុខតំណែង លោក ម៉ាង ស៊ីណេត ជាអភិបាល នៃគណៈអភិបាលខេត្ត ជំនួសលោក គួច ចំរើន។ លោកអភិសន្តិបណ្ឌិត បានមានប្រសាសន៍ណែនាំឱ្យរដ្ឋបាលខេត្ត រួមទាំងមន្ត្រី កងកម្លាំង និងប្រជាពលរដ្ឋ ខេត្តព្រះសីហនុ រួមគ្នាជាកម្លាំងទាក់ម៉ូយ ទាំងក្នុងវិស័យវិនិយោគ និងទេសចរណ៍ ស្របតាមគោលការណ៍ដឹកនាំដ៏ឧត្តុង្គឧត្តមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងសក្ដានុពលជាក់ស្ដែងរបស់ខេត្តព្រះសីហនុ។ ដើម្បីសម្រេចបានគោលបំណងខាងលើនេះ ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបន្តពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ អនាម័យ និងសោភណ្ឌភាព។

នៅព្រឹកបន្ទាប់ ក្នុងថ្ងៃទី៤ ខែកក្កដា លោកអភិសន្តិបណ្ឌិត បានអញ្ជើញសំណេះសំណាល និងបិទវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្នែកទ្រឹស្ដី និងអនុវត្តដល់អ្នកញៀនគ្រឿងញៀន នៅមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ លោកអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ការខិតខំតស៊ូបន្សាប ព្យាបាល និងស្ដារនីតិសម្បទាជាដាច់ស្រឡះពីគ្រឿងញៀនមានទាំងជំនាញវិជ្ជាជីវៈច្បាស់លាស់ គឺជាជោគជ័យដ៏ធំបំផុតមួយហើយសម្រាប់ជនរងគ្រោះដែលធ្លាក់ក្នុងអន្លង់កម្មនៃគ្រឿងញៀន ហើយជោគជ័យនេះក៏ជាមហាអំណរសាទររកអ្វីប្រៀបផ្ទឹមពុំបានដែរ សម្រាប់លោកឪពុក អ្នកម្ដាយ ប្ដីឬប្រពន្ធ កូន និងបណ្ដាញាតិទាំងឡាយ។

យ៉ាងណាក៏ដោយ លោកអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ទាំងជោគជ័យនិងអំណរសាទរនេះ ត្រូវការជាចាំបាច់ នូវសេចក្ដីប្រុងប្រយ័ត្ន ដាច់ខាតមិនត្រឡប់ទៅរកផ្លូវចាស់ រួមទាំងមិត្តពាក់ព័ន្ធគ្រឿងញៀន។ លោកអភិសន្តិបណ្ឌិត ដែលជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមួយរូបផង បានថ្លែងលាតត្រដាងបទពិសោធន៍ប្អូនជីដូនមួយម្នាក់ ដែលពីដំបូងឡើយបានបន្សាប ព្យាបាល និងស្ដារនីតិម្បទាដោយជោគជ័យ ប៉ុន្តែទីបំផុតបានផុងខ្លួនប្រើប្រាស់គ្រឿងញៀនម្ដងទៀតដោយសារវិលទៅសេពគប់មិត្តចាស់ ទម្រាំអាចផ្ដាច់បានជាលើកទី២ ក្នុងស្ថានភាពសុខភាពមិនមាំទាំ។ លោកបានណែនាំជនរងគ្រោះដែលត្រៀមចេញពីមជ្ឈមណ្ឌល សម្លឹងមើលនិងចងចាំជានិច្ចនូវស្នាមញញឹមរបស់ក្រុមគ្រួសារ។

រហូតមកដល់ថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅវិមានសន្តិភាព មុននឹងបន្តកម្មវិធីការងារនៅពេលរសៀលនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយអនុញ្ញាតជូនប្រតិភូក្រុមហ៊ុន CRBC សម្របសម្រួលដោយលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ចូលជួបសម្ដែងការគួរសម និងគោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត នូវអង្ករចំនួន២៥តោន មីចំនួន២០០កេសធំ ជូនក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបងនូវអង្ករចំនួន១៥តោន មីចំនួន១០០កេស និងជូនរដ្ឋបាលខេត្តព្រៃវែង នូវអង្ករចំនួន១០តោន និងមីចំនួន១០០កេស៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print