ខេត្តព្រះសីហនុ៖ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលទេីបនិងឡេីងកាន់តំណែងកាលពីពេលថ្មីៗនេះ បានថ្លែងជម្រុញឱ្យប្រជាពលរដ្ឋនាំគ្នាធ្វើការដាំដុះបន្លែធម្មជាតិទុកសម្រាប់ហូបចុក បង្កើនជីវភាពរស់នៅនិងដើម្បីភូមិឋានមានពណ៌បៃតង។ ការថ្លែងបែបនេះរបស់លោក ឱកាសដឹកនាំមន្ត្រីបច្ចេកទេស និងប្រធានមន្ទីរជំនាញចុះពិនិត្យសហគមន៍ដាំបន្លែធម្មជាតិ ស្ថិតនៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ។
បេីតាមការលេីកឡេីងរបស់ប្រជាកសិករម្នាក់ ឈ្មោះ សុខ សារុំ ភេទប្រុស រស់នៅភូមិសំរោងក្រោម ឃុំសំរុង ស្រុកព្រៃនប់ បាននិយាយថា គាត់បានធ្វើការដាំដុះបន្លែធម្មជាតិលើផ្ទៃដី ២៥០ ម៉ែត្រការ៉េ នៅជុំវិញបរិវេណផ្ទះ ក្នុងនោះមានដូចជា ស្ពៃក្រញាញ់ ស្ពៃខ្មៅ និងស្អំជាដើម។
ប្រជាកសិកររូបនេះ បាននិយាយបន្ថែមថា ការដាំដុះបន្លែធម្មជាតិនេះ លោកមិនប្រើសារធាតុជីគីមីនោះទេ គឺប្រើប្រាស់ជីលាមកសត្វ ហើយចំពោះការដាំដុះបន្លែធម្មជាតិនេះទៀតសោត គឺដាំតម្រូវទៅតាមទីផ្សារ។
លោក បន្តថា គិតពីការព្រោះគ្រាប់រហូតទទួលបានផលមានរយៈពេល ៤៥ ថ្ងៃ ហើយជាមធ្យមក្នុងមួយថ្ងៃលោកអាចកាត់លក់ប្រមាណជា ៥០ គីឡូក្រាម។ ចំពោះតម្លៃក្នុង ១ គីឡូក្រោម មានតម្លៃចន្លោះពី ១ ពាន់ ដល់ ៣ ពាន់រៀល ទៅតាមរដូវកាល ចំពោះទីផ្សារមិនពិបាកនោះទេ ព្រោះមានគេមកទទួលទិញដល់ផ្ទះ។
ដោយឡែកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទខេត្តព្រះសីហនុ លោក នេន ចំរើន បានឱ្យដឹងថា ខេត្តព្រះសីហនុមានសហគមន៍កសិកម្មដាំបន្លែធម្មជាតិចំនួន ៧ សហគមន៍ ក្នុងនោះមាន ១.សហគមន៍កសិកម្មសារិការកែវ ២.សហគមន៍កសិកម្មគ្រាប់ពូជមាស ៣.សហគមន៍កសិកម្មចំរើនផលឃុំសាមគ្គី ៤.សហគមន៍កសិកម្មបន្លែសុវត្ថិភាពឃុំសំរុង ៥.សហគមន៍កសិកម្មមាន់ស្រែរុងរឿង ៦.សហគមន៍កសិកម្មទួលទទឹងរុងរឿង ៧.សហគមន៍កសិកម្មមាន់ស្រែព្រៃនប់ ក្នុងមួយ សហគមន៍មានសមាជិកចំនួន ១៥០នាក់។
ក្រៅពីសហគមន៍ដាំបន្លែធម្មជាតិ ក៏បានបង្កើតសហគមន៍កែឆ្នៃផលនេសាទ និងសហគមន៍នេសាទផងដែរ ដើម្បីចងក្រងជាសហគមន៍ក្នុងការដោះស្រាយ និងថែរក្សាអភិរក្សធនធានធម្មជាតិរបស់យើងឪ្យកាន់តែសម្បុរ។
ជាមួយគ្នានេះ អភិបាលខេត្តព្រះសីហនុ ក៏បានមានប្រសាសន៍កោតសរសើរមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានយកចិត្តទុកដាក់បង្កើតសហគមន៍កសិកម្មដាំបន្លែនេះឡើង ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានឪ្យមានចំណេះជំនាញច្បាប់លាស់ ក្នុងការដាំដុះបន្លែបង្កើនជីវភាពគ្រួសារ ព្រមទាំងបានជំរុញឱ្យមន្ទីរកសិកម្មបន្តចងក្រង សហគមន៍អ្នកដាំបន្លែ និងសហគមន៍ដំណាំផ្សេងទៀតទៅតាមភូមិសាស្ត្រ និងស្ថានភាពដីនៅខេត្តព្រះសីហនុ ព្រោះការដាំដុះបន្លែធម្មជាតិនេះមិនទាន់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារក្នុងខេត្តព្រះសីហនុបាននោះទេ ដោយសារតែបច្ចុប្បន្ននេះមានបន្លែជាច្រើនដែលនាំចូលមកពីប្រទេសជិតខាង និងមកពីបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះត្រូវចូលរួមបំផុសប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ឱ្យបង្កើនការដាំដុះដំណាំបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀត ដើម្បីភូមិឋានមានពណ៌បៃតង៕ដោយ៖តារា