ភ្នំពេញ ៖ ដោយបានការអនុញ្ញាតពីក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងដឹកនាំប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសជប៉ុន រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ យ៉ាស៊ីណូរិ ម៉ូរីស៊ីតា (Yasunori Morishita) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងជួបសម្តែងការគួរសម ជាមួយ លោក មិណូរុ គហារ៉ា (Minoru Kihara) រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសជប៉ុន និង នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ (Yoshida Yoshihide) អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យ ការពារជប៉ុន ហើយនឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគី នាយឧត្តមសេនីយ៍ យ៉ាស៊ីណូរិ ម៉ូរីស៊ីភា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ សំដៅរួមចំណែក ពូនជ្រំ និងជម្រុញទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន”។
គួររំលឹកផងដែរថា កងទ័ពជើងគោកកម្ពុជា-ជប៉ុន បានសម្រេចសមិទ្ធផលប្រវត្តិសាស្ត្ររួមគឺ ឯកសារ
*លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យ ការពារជើងគោកជប៉ុន ដែលត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២៣ ៕