ខេត្តស្វាយរៀង៖ ជនដែលត្រូវចោទ៣នាក់ក្នុងចំណោម៩នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងពន្ធនាគារខេត្តស្វាយរៀងពាក់ព័ន្ធករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសនៅស្រុកស្វាយជ្រំ៊។
យោងតាមលោកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានអោយដឹងនាព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៤នេះថា
កាលពីវេលាម៉ោង១០:៣០នាទីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លកបានទទួលពាក្យបណ្តឹងពីជនរងគ្រោះមានទីលំនៅភូមិទៃយា ឃុំធ្លក ស្រុកស្វាយជ្រំដែលបានមកដាក់ពាក្យបណ្តឹងប្តឹងទៅលើជនសង្ស័យ០៣នាក់ មានទីលំនៅភូមិឃ្លាំង ឃុំពោធិរាជ ស្រុកស្វាយជ្រំ ថាបានជិះម៉ូតូដេញកាប់ខ្លួននៅចំណុចផ្លូវកៅស៊ូ ស្ថិតនៅក្នុងភូមិទៃយា ឃុំធ្លក ស្រុកស្វាយជ្រំ កាលពីថ្ងៃទី០៦ ខែកក្កដាឆ្នាំ២០២៤ វេលាម៉ោង១០:៣០នាទីយប់បណ្ដាលឱ្យដូលម៉ូតូនិងមានរបួសស្នាម ។
ពេលទទួលពាក្យបណ្ដឹង កម្លាំងជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលធ្លក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ ចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងបានស្ដាប់ការបំភ្លឺពីជនរងគ្រោះបានឆ្លើយរៀបរាប់ថា ខ្លួនបានជិះម៉ូតូចេញពីធ្វើការនៅរោងចក្រកង់ឡាននៅខ្ជាយ ដោយជិះម៉ូតូរហូតដល់ចំណុចផ្សារអូរសំដី ឃុំពោធិរាជ ស្រាប់តែជួបនឹងជនសង្ស័យ ទាំង៣នាក់ខាងលើ និងបក្សពួក២ទៅ៣នាក់ទៀតមិនស្គាល់ឈ្មោះកំពុងតែឈរនៅលើផ្លូវកៅស៊ូមុខផ្ទះតារាងបាល់ទះ ខ្លួនក៏ជិះម៉ូតូតាមបណ្តោយផ្លូវទៅទិសខាងជើង ស្រាប់តែ ជនសង្ស័យមានគ្នា៣នាក់បានជិះម៉ូតូ០១គ្រឿងម៉ាកវីន័រអុិច ឌុបគ្នាដេញតាមខ្លួនពីក្រោយរហូតដល់ចំណុចភូមិទៃយា ឃុំធ្លក បានធ្វើសកម្មភាពយកកាំបិតផ្គាគ់កាប់មកលើរូបខ្លួន ពេលនោះខ្លួនបានជិះម៉ូតូគេចចេញបណ្ដាលឱ្យដួលម៉ូតូខូចខាត និងមានរបួសស្នាម ភ្លាមនោះជនសង្ស័យទាំង០៣នាក់បានជិះម៉ូតូគេចខ្លួនទៅទិសខាងត្បូងបាត់តែម្ដង ។
ក្រោយពីបានស្ដាប់ការបំភ្លឺពីជនរងគ្រោះរួចហើយ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់បានជនសង្ស័យ០១នាក់ ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃ្លាំង ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងបាននាំខ្លួនមកប៉ុស្ដិ៍នគរបាលរដ្ឋបាលធ្លកដើម្បីសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២៤ វេលាម៉ោង៧យប់ បក្សពួកខ្លួនមានគ្នាចំនួន០៩នាក់បានបបួលគ្នាជិះម៉ូតូ០៤គ្រឿងឌុបគ្នាទៅលេងនៅក្រុងស្វាយរៀង លុះដល់ម៉ោង១០:៣០នាទីយប់ ពួកខ្លួនបានជិះមកដល់ចំណុចលើផ្លូវកៅស៊ូ ស្ថិតនៅភូមិអូរសំដី ឃុំពោធិរាជ ភ្លាមនោះស្រាប់តែឃើញម៉ូតូ០១គ្រឿងម៉ាកហុងដា ជិះមកពីទិសខាងត្បូង ពេលនោះមានក្រុមបក្សពួកខ្លួនបានជិះម៉ូតូឌុបគ្នាដេញតាមជនរងគ្រោះពីក្រោយរហូតដល់ភូមិទៃយា ឃុំធ្លក ក៏បានហូតខ្សែក្រវាត់ពីចង្កេះម្នាក់មួយ វាយទៅលើជនរងគ្រោះបណ្ដាលឱ្យដួលម៉ូតូនៅលើផ្លូវខូចខាត និងមានរបួសស្នាមមែន ។
បន្ទាប់មកពួកខ្លួនទាំង៣នាក់បានជិះម៉ូតូមកជួបជុំគ្នាវិញ ក៏បបួលគ្នាជិះម៉ូតូទៅលេងនៅក្រុងស្វាយរៀងម្តងទៀត ទៅយកកាំបិតផ្គាគ់របស់ពួកខ្លួនដែលលាក់ទុកនៅផ្លូវពេទ្យអនាម័យក្រុងស្វាយរៀង ពេលយកកាំបិតផ្គាគ់បានហើយក៏នាំគ្នាដើរលេងរហូតដល់វេលាម៉ោង០២និង០០នាទីយប់ឆ្លងចូលថ្ងៃទី០៧ខែកក្កដា ក៏នាំគ្នាជិះមកផ្ទះវិញ ក៏បានឱ្យកាំបិតផ្គាក់យកទៅលាក់ទុក។
ក្រោយពីបានស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យរួចហើយសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅដកហូតវត្ថុតាងដែលយកទៅលាក់ទុកនៅផ្ទះយាយនៅភូមិឃ្លាំង ឃុំពោធិរាជ ស្រុកស្វាយជ្រំ បានកាំបិតផ្គាក់ចំនួន០១ ដាវចំនួន០២ ដែលជាវត្ថុតាងលាក់ទុកសម្រាប់ធ្វើសកម្មភាព។
បន្ទាប់សមត្ថកិច្ចបានសាកសួរជនសង្ស័យបន្តទៀត ក៏បានឆ្លើយសារភាពថា បក្សពួកខ្លួនកន្លងមកធ្លាប់កាន់ដាវ និងកាំបិតជិះម៉ូតូដើរលេងនៅក្រុងស្វាយរៀង និងធ្លាប់ដេញកាប់ក្រុមក្មេងទំនើងនៅផ្សារជីភូដែលដើរលេងយប់ជាច្រើនលើកដែរ។
ក្រោយពីបានស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់រួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ និងសុំយោបល់លោក ខាំ សុផារី ព្រះរាជអាជ្ញា អមសាលាដំបូងខត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ព្រមទាំងចាប់យកវត្ថុតាងកសាងសំណុំរឿងចាត់ការតាមច្បាប់។
ចំពោះក្រុមបក្សពួក៦នាក់ទៀត បានរត់គេចខ្លួនបាត់ពីមូលដ្ឋាន។ កន្លងមកក្រុមបក្សពួកទាំង៩នាក់ដែលមានឈ្មោះខាងលើនេះក៏ធ្លាប់កាន់ដាវនិងកាំបិតដើរអុកឡុកនៅឃុំពោធិរាជ ឃុំធ្លក និងដូនស នៅក្នុងស្រុកស្វាយជ្រំ ផងដែរ៕ ដោយ៖ សុថាន