ភ្នំពេញ ៖ ជំងឺមហារីកឆ្អឹង(Ostéosarcome) គឺជាជំងឺសាច់កាចដែលកើតនៅលើឆ្អឹង ភាគច្រើនកើតលើក្មេងជំទង់អាយុចន្លោះពី១៣ ទៅ១៦ឆ្នាំ តែករណីខ្លះក៏អាចកើតមានលើមនុស្សពេញវ័យផងដែរ។ ជំងឺមហារីកឆ្អឹង ច្រើនកើតនៅលើឆ្អឹងវែងដូចជា ឆ្អឹងដើមដៃ ឆ្អឹងភ្លៅ និងឆ្អឹងស្មងជើងជាដើម។
ក-រោគសញ្ញា
ជាទូទៅជំងឺមហារីកឆ្អឹងមានរោគសញ្ញាដូចជា៖
– ឈឺចាប់នៅកន្លែងដុំមហារីក
– ហើម រឺឡើងដុំពកឆ្អឹងបន្តិចម្ដងៗ
– ពិបាកធ្វើចលនា
– ងាយបាក់ឆ្អឹង (បាក់ដោយឯកឯង រឺនៅពេលប៉ះទង្គិចតិចតួច)
ខ-ការធ្វើរោគវិនិច្ឆ័យ
ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺមហារីកឆ្អឹង យើងត្រូវច្រឹបយកជាលិកាដែលសង្ស័យយកទៅវិភាគ។ ក្រៅពីនេះយើងត្រូវធ្វើការវិភាគអមវេជ្ជសាស្រ្តមួយចំនួន ដើម្បីកំណត់ទីតាំង ទំហំ និងការរីករាលដាលនៃជំងឺដូចជា ការថតវិទ្យុសាស្រ្ត ស្កែននែរ (Scanner) និង អ៊ីអែអិម (IRM)ជាដើម។
គ-ការព្យាបាល
ជំងឺមហារីកឆ្អឹង ត្រូវព្យាបាលដោយចាក់ថ្នាំគីមី និងធ្វើការវះកាត់ដោយវេជ្ជបណ្ឌិតជំនាញ។ ការព្យាបាលមានប្រសិទ្ធិភាពខ្ពស់បំផុតនៅពេលជំងឺស្ថិតក្នុងដំណាក់កាលដំបូង មិនទាន់មានការរីករាលដាលទៅសរីរាង្គដ៏ទៃ និងទទួលបានការវះកាត់ត្រឹមត្រូវ។
បើសិនលោកអ្នកមានបុត្រធីតា មានរោគសញ្ញាសង្ស័យ ដូចរៀបរាប់ខាងលើ សូមនាំបុត្រធីតា លោកអ្នកមកពិគ្រោះប្រឹក្សាយោបល់ ជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញ ផ្នែកជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលអោយទាន់ពេលវេលា៕