លោកបណ្ឌិត អ៊ាង សុផល្លែត៖ ការដាំដើមឈើនៅពេលនេះ គឺការវិនិយោគ ទុនទុកជូនមនុស្សជំនាន់ក្រោយ

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បើកសម្ពោធ «ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានថ្លែងថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភារាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ក្រសួងបរិស្ថានឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រ ចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ភាពបៃតងនៅទីនេះ ជាម៉ាស៊ីនបន្សុទ្ធខ្យល់បរិសុទ្ធសម្រាប់ទ្រទ្រង់ជីវិតយើងគ្រប់គ្នា។ គ្មានខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម សុខភាព របស់យើងគឺមិនល្អនោះទេ។ លើសពីនេះទៅទៀត ដើមឈើជាប្រភពចំណូល ដែលកម្ពុជាយើងអាចទទួលបានច្រើននាពេលអនាគត។ លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បន្ថែមថា «ការដាំដើមឈើនៅពេលនេះ គឺការវិនិយោគ ទុនទុកជូនមនុស្សជំនាន់ក្រោយ ទទួលបានផលទាំងសេដ្ឋកិច្ច សុខុមាលភាព។ ពោល គឺយើងកំពុងតែរៀបចំផ្ទះ និងកំណប់ទ្រព្យ ទុកសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។»។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងយុទ្ធនាការ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន ដើម្បីភាពស្អាត ភាពបៃតង ធ្វើយ៉ាងណាឱ្យមានចីរភាព តាមរយៈការបណ្តុះ ពន្លកនៃភាពស្អាត ពន្លកនៃភាពបៃតង» នេះជាបន្តទៀត ដើម្បីឱ្យប្រទេសយើងទទួលបាននូវភាពស្អាត ភាពបៃតង រយៈពេល វែង ស័ក្ដិសមជាអរិយប្រទេស ដែលធ្លាប់មានកិត្តិស័ព្ទ ឱ្យល្បីរន្ទឺទៅពិភពលោកយើងនេះជាថ្មី។

សូមបញ្ជាក់ថា «ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ដែលគ្រោងរៀបចំ រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន ត្រូវបានបើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print