ខេត្តស្វាយរៀង៖ លោកស្រី វី ស្រីពៅ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូ ក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះធ្វើវេទិការសាធារណៈនៅ ឃុំធ្មា និងឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី លោកស្រី យ៉ក់ ស៊ីណាត អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង លោក សៅ វណ្ណា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចខេត្តស្វាយរៀង លោក អភិបាល នៃគណៈអភិបាលស្រុករំដួល លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រធាន សមាជិកក្រុមប្រឹក្សា មេឃុំ ប្រធាន អនុប្រធាន សមាជិកភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ២៧៩ នាក់ (ស្ត្រី ចំនួន ១១៣នាក់) ប្រកបដោយបរិយាកាសរីករាយ ការយកចិត្តទុកដាក់ និងចូលរួមយ៉ាងផុសផុល រហូតទទួលបានសំនួរ និងសំណូមពរពីប្រជាពលរដ្ឋ សរុបចំនួន ១៩ ត្រូវបានមន្រ្តីជំនាញ អាជ្ញាធរខេត្តដោះស្រាយ និងឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយ។
កម្មវិធីវេទិកាសាធារណៈថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីដោះស្រាយ និងទទួលសំណូមពរអំពីសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនឱ្យទាន់ពេលវេលា ដើម្បីចូលរួមចំណែកក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
លោកស្រី វី ស្រីពៅ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូ ក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា ក្នុងនាម ក្រសួងអធិការកិច្ច សូមថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការល្អ ព្រមទាំងបង្កលក្ខណៈងាយស្រួលឱ្យក្រសួង ក៏ដូចជាមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តស្វាយរៀង បានរៀបចំវេទិកាសាធារណៈ នេះឡើង ប្រព្រឹត្តទៅដោយរលូន និងភាពសកម្ម នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណសាលាឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង៕ ដោយ៖ សុថាន