ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា ថ្លែងថា ៖ ការប្រកួតរ៉ូបូតថ្នាក់ជាតិផ្តល់ឱកាសដល់និស្សិតកម្ពុជាបង្ហាញពីសមត្ថភាពបច្ចេកវិទ្យាឌីជីថលរបស់ខ្លួន, សូមអបអរសាទរនិស្សិតនៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ តំណាងកម្ពុជាចូលរួមប្រកួតប្រជែងថ្នាក់តំបន់នៅវៀតណាម។
នេះជាការថ្លែងរបស់ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបិទការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤ រៀបចំដោយ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ នាសាលរោងដំរី ពហុកីឡដ្ឋានមរតកតេជោ ដោយមានការអញ្ជើញជាអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។
លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នៃការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤នេះ បានបង្ហាញឱ្យឃើញអំពីសមត្ថភាពនៃផលិតករកម្មវិធី និងសមត្ថភាពនៃក្រុមនិស្សិតកម្ពុជាលើជំនាញបច្ចេកវិទ្យា ដែលកំពុងអភិវឌ្ឍឈានឡើងក្នុងបដិវត្តន៍ឧស្សាហកម្ម ឌីជីថល ៤.០។
ក្នុងបរិបទថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងតែជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាគន្លឹះនៃការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជា។
ដូច្នេះតាមរយៈការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤នេះ គឺជាឱកាសដ៏ល្អសម្រាប់និស្សិតវ័យក្មេងកម្ពុជាបង្ហាញពីការអភិវឌ្ឍជំនាញបច្ចេកទេស របស់ខ្លួន និងត្រៀមទៅចូលរួមប្រកួតប្រជែងក្នុងកម្រិតតំបន់ អាស៊ីប៉ាហ្វិក ក្នុងព្រឹត្តិការណ៍ ABU Robocon 2024 ដែលប្រទេសវៀតណាមទទួលធ្វើជាម្ចាស់ផ្ទះ។ ក្នុងនោះនិស្សិតដែលទទួល បានជ័យលាភីនៅថ្ងៃនេះ នឹងត្រូវតំណាងកម្ពុជា ចូលរួមប្រកួតប្រជែងបន្តលើឆាកអន្តរជាតិ និងមានឱកាសផ្លាស់ប្តូរបទពិសោធន៍ ក្នុងវិស័យបច្ចេកវិទ្យារ៉ូបូត ព្រមទាំងការស្វែងយល់ពីវប្បធម៌រវាងគ្នាទៅវិញទៅមកផងដែរ។
លោក នេត្រ ភក្ត្រា បានធ្វើការគូសបញ្ជាក់ដែរថា ខណៈដែលកម្ពុជាកំពុងរស់នៅក្រោមម្លប់សន្តិភាពពេញលេញ កម្ពុជាបានអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជាតិ ដែលនាំឱ្យអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧% នាំទៅដល់ការផ្លាស់ប្តូរពីប្រទេសដែលមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍លើកឡើងថា កម្មវិធីការប្រកួតរ៉ូបូត ថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤នេះឡើង គឺជាការបង្ហាញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបណ្តុះគំនិតឆ្នៃប្រឌិតរបស់យុវជនកម្ពុជា និងឧត្តមភាពនៃបច្ចេកវិទ្យាដែលយុវជនអាចធ្វើបាន ។ ការប្រកួតនាថ្ងៃនេះមិនត្រឹមតែបង្ហាញពីភាពបុិនប្រសព្វ និងភាពឆ្នៃប្រឌិតរបស់យុវនិស្សិតរបស់កម្ពុជាតែប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងបង្ហាញនូវសមត្ថភាព ក្នុងការដោះស្រាយបញ្ហាស្មុគស្មាញតាមរយៈការខិតខំប្រឹងប្រែងរួមគ្នាបង្កើត និងប្រើប្រាស់បច្ចេកវិទ្យាទំនើប ។ លោក រដ្ឋមន្ត្រី ហែម វណ្ណឌី បានគូសបញ្ជាក់ថា ការប្រកូតរ៉ូបូតថា្នក់ជាតិនេះ ជាវេទិកាដ៏សំខាន់មួយក្នុងការជម្រុញវប្បធម៍ នវានុវត្តន៍ និងសហគ្រិនភាពក្នុងចំណោមយុវនិស្សិតកម្ពុជា ថែមទាំងលើកទឹកចិត្តដល់កិច្ចសហការអន្តរកម្មសិក្សា ជម្រុញការគិតដោយត្រិះរិះ គិតពិចារណាដោយល្អិនល្អន់ និងបណ្តុះបណ្តាលគុណភាពជាអ្នកដឹកនាំដែលចាំបាច់សម្រាប់ភាពជោគជ័យក្នុងសេដ្ឋកិច្ចសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន និងទៅអនាគត ។
ជាលទ្ធផលម្ចាស់ពានរង្វាន់នៃការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម ITC 02 វិទ្យាស្ថានបច្ចេកទេសកម្ពុជា, លេខ ២ បានទៅលើក្រុម NPIC 02 វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា,និងលេខ ៣ បានទៅលើក្រុម NPIC 01 វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា,
ចំពោះម្ចាស់ពានរង្វាន់នៃការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤ នឹងត្រូវទៅចូលរួមប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិនៅប្រទេសវៀតណាម នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ៕