រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលលើកទីពីរ ជាមួយគណៈគ្រូពេទ្យ,គណៈទន្តពេទ្យ,គណៈឆ្មប, គណៈគិលានុបដ្ឋាក និងគណៈឱសថការី

ចែករំលែក៖

ភ្នំពេញ÷រសៀលថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៤ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានជួបសំណេះសំណាលជាលើកទីពីរ ជាមួយគណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំ រួមមានគណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈឆ្មប គណៈគិលានុបដ្ឋាក និងគណៈឱសថការី។

ពិធីសំណេះសំណាលនេះត្រូវបានរៀបចំនៅទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធ ZOOM ដែលមានការចូលរួមពីថ្នាក់ដឹកនាំនិងទីប្រឹក្សាសុខាភិបាល ថ្នាក់ដឹក នាំនិងមន្រ្តី នៃគណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំ សរុបចំនួន ៩០៧ រូប។ 

ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំក្នុងគោល បំណង ១) ពិនិត្យឡើងវិញនូវចំណុចគន្លឹះទាំងឡាយដែលបានពិភាក្សានាជំនួបលើកទីមួយកន្លងមក និង ២) ពិនិត្យបច្ចុប្បន្នភាពការងារក្នុងការលើកកម្ពស់ការគ្រប់ គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ពិសេសការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។

សាស្ត្រាចារ្យរដ្ឋមន្ត្រី ស្វាគមន៍ និងលើកទឹកចិត្តឱ្យគណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ បន្តពង្រឹងកិច្ចសហការជាមួយគ្នា  ផ្តោតលើការប្រតិបត្តិការងារ ឱ្យមានអនុលោមភាព និងសង្គតិភាពជាមួយច្បាប់ និងលិខិតបទដ្ឋានជាធរមាន ការចុះបង្ហាត់បង្ហាញបណ្តុះបណ្តាល និងនាំការប្រតិបត្តិក្រមសីលធម៌ ឈរលើភាពត្រឹមត្រូវ ទាំងផ្នែកបច្ចេកទេស និង ជំនាញទន់ (soft skills)។ ការបង្កើនកិច្ចការបណ្តុះបណ្តាល អប់រំផ្សព្វផ្សាយ ទប់ ស្កាត់ជាអតិបរមានូវបាតុភាពវិជ្ជាជីវៈ ការគោរពសិទ្ធអតិថិជន និងការងាររដ្ឋបាលទូទៅជាគំរូ ដើម្បីធានាថាការបម្រើសេវាត្រឹមត្រូវប្រកបដោយគុណភាពនិងសុវត្ថិភាពស្របតាមគរុកោសល្យនិងក្រមសីលធម៌ ដោយតម្កល់ផលប្រយោជន៍អ្នកជំងឺនិងអតិថិជន ជាអាទិភាព គឺជាអ្វីដែលគ្រប់ៗគ្នាក្នុងនាមគណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំត្រូវបន្តខិតខំគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនពីតួនាទីរួមរបស់គណៈវិជ្ជាជីវៈសុខាភិបាល និងភារកិច្ចស្នូលរបស់គណៈវិជ្ជាជីវៈនីមួយៗផងដែរ។ បន្ថែមលើនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យគណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ រៀបចំផែនការអនុវត្តឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ ដើម្បីសម្រេចអាទិភាពការងាររបស់ខ្លួន។

ជាការឆ្លើយតបគណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ បានសម្តែងនូវការពេញចិត្ត និងបញ្ជាក់ពីសារៈសំខាន់នៃពិធីសំណេះសំណាលនេះ ពិសេសមតិណែនាំល្អរបស់ សាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលជាប្រយោជន៍សម្រាប់កែលម្អ និងអភិវឌ្ឍបន្ថែមទៀតនូវការងាររបស់ខ្លួន។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសសើរចំពោះការបំពេញការងាររបស់គណៈវិជ្ជាជីវៈសុខាភិបាលកន្លងមក និងការប្តេជ្ញាចិត្តក្នុងការបន្តបេសកកម្មដ៏ឧត្តុងឧត្តម្ភរបស់ខ្លួន។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការគាំទ្ររបស់ក្រសួងដល់ការអនុវត្តការងាររបស់គណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ និងសង្ឃឹម ថានឹងទទួលបានសមិទ្ធផលជាវិជ្ជមានល្អក្នុងការបម្រើសេវាជូនដល់ប្រជាជនកាន់តែប្រសើរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print