ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងលើការសរសេរសំណេរក្រោមប្រធានបទ «តួនាទីដ៏សំខាន់នៃការអប់រំក្នុងការអភិវឌ្ឍន៍យុវជនកម្ពុជា» ដែលរៀបចំឡើងដោយក្រុមហ៊ុនក្រដាសស៊ុបព្រីម (Supreme) បានប្រកាស និងប្រគល់រង្វាន់ជាផ្លូវការដល់ម្ចាស់ជ័យលាភីដែលមានទឹកប្រាកសរុប ១១លានរៀល។
កម្មវីធីនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមវត្តមានមន្ត្រីក្រសួងអប់រំយុវជននិងកីឡា មន្ត្រីស្ថានទូតថៃប្រចាំនៅកម្ពុជា មន្ត្រីសង្គមស៊ីវិល តំណាងក្រុមហ៊ុន សិស្សានុសិស្ស និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
កម្មវិធីប្រកួតប្រជែងសំណេរអនាគតកម្ពុជាឆ្នាំ២០១៦ បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនចាប់ពីចុងខែមីនា រហូតដល់ថ្ងៃទី២៩ ខែកក្កដា នេះ។ ខណៈជ័យលាភីលេខ១ក្នុងកម្មវិធីនេះបានទៅលើលោក ប៊ុត ដាឌីយ៉ា និស្សិតវិទ្យាស្ថានភាសាបរទេស ។ ជ័យលាភីលេខ២ បានទៅលើកញ្ញា សំ ឈុំគន្ធារ័ត្ន ជានិស្សិតវិទ្យាស្ថានភាសាបរទេស និងលោកសុគន្ធ សុខា ជាសិស្សសាលាមហាសាស្ត្រា ។ ចំណែកលេង៣ បានទៅលើកញ្ញា វិចទ័រ រ៉ូលីន ជានិស្សិតវិទ្យាស្ថានឯកទេសសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, កញ្ញា ហ៊ឹងរ័ត្ន រចនា ជានិស្សិតវិទ្យាស្ថានភាសាបរទេស និងលោក ហេង សូឡី ជានិស្សិតវិទ្យាស្ថានភាសាបរទេសដែរ។ ជាមួយគ្នានេះក៏មានពានរង្វាន់សម្រាប់សាកលវិទ្យាល័យ៣ ដែលមាននិស្សិតចូលរួមប្រឡងច្រើនជាងគេគឺសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ជាប់ចំណាត់ថ្នាក់លេខ១ , សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ជាប់ចំណាត់ថ្នាក់លេខ២ និងសាកលវិទ្យាល័យវេស្ទើនជាប់ចំណាត់ថ្នាក់លេខ៣។
កម្មវិធីនេះស្ថិតក្រោមកិច្ចសហការរវាង ក្រុមហ៊ុនក្រដាសស៊ុបព្រីម ផេផឺរ សហការជាមួយក្រុមហ៊ុនអាយធីក ខេមបូឌា, ស្ថានទូតថៃប្រចាំកម្ពុជា, ក្រសួងអប់រំយុវជននិងកីឡា និងអង្គការទស្សនៈពិភពលោក។ នេះគឺជាលើកទី២ហើយដែលក្រុមហ៊ុនក្រដាសស៊ុបព្រីម ផេផឺរបានរៀបចំឡើងប្រកបដោយជោគជ័យដែលឆ្នាំ២០១៦ នេះមានអ្នកចូលរួមដាក់អត្ថបទសំណេរប្រមាណ ១.៤០០សំណេរ ដែលបេក្ខជនមកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានសរុប ១០៣នាក់នៅ ១៣ខេត្តរាជធានីនៅកម្ពុជា។
លោក សូរ៉ាសាក់ អាម៉ារ៉ាត់ អគ្គនាយកនៃក្រុមហ៊ុន Thai Paper Co., Ltd ដែលជាក្រុមហ៊ុនផលិតនូវក្រដាសម៉ាក Supreme មានប្រសាសន៍ថា Supreme Paper គឺជាផ្នែកមួយនៃការចូលរួមដ៏សំខាន់នៅក្នុងការរៀបចំបង្កើតគម្រោងសម្រាប់ជាផលប្រយោជន៍ដល់យុវជន។ លោកសង្ឃឹមថា កម្មវិធីប្រកួតប្រជែងនេះបានផ្តល់ឲ្យយុវជនទាំងឡាយ នូវវេទិការក៏ដូចជាឱកាសល្អមួយសម្រាប់បង្ហាញនូវគំនិតនិងអាកប្បកិរិយារបស់ខ្លួន ក៏ដូចជាចំណេះដឹង រួមជាមួយការបង្កើតថ្មី តាមរយៈការសរសេរអត្ថបទប្រកបដោយអនុភាពនិងអស្ចារ្យ។
តំណាងលោក ណាថាវុដ ហ្វូថិសេរ៉ូ ឯកអគ្គរាជទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមានប្រសាន៍ថា ៖ កម្មវិធីនេះគឺជាផ្នែកមួយក្នុងការជួយជំរុញឲ្យមានទំនាក់ទំនងល្អទៅវិញទៅមករវាងប្រទេសទាំងពីរ។ ស្ថានទូតក៏ស្វាគមន៍ចំពោះសកម្មភាពទាំងឡាយដែលលើកស្ទួយដល់ទំនាក់ទំនងសង្គម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
លោក ម៉ក់ ងយ អគ្គនាយកដ្ឋានឧត្តមសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងអំណរគុណចំពោះកម្មវិធីនេះ ដែលវាបានរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំ ក៏ដូចជាការចូលរួមក្នុងការពង្រឹងប្រព័ន្ធអប់រំនៅកម្ពុជា ដើម្បីឲ្យមានការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេស។ កម្មវិធីនេះក៏នឹងជួយបង្កើនកុណភាពអប់រំក្នុងចំណោមយុវជនកម្ពុជានៅទូទាំងប្រទេសផងដែរ៕
ដោយ៖ វឌ្ឍនា