មន្រ្តីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមការតាំងពិព័រណ៍បង្ហាញផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញក្នុងមហាសន្និបាតលើកទី៦៥របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

ចែករំលែក៖

ហ្សឺណែវ ស្វ៊ីស៖​ ក្រសួង​ពាណិជ្ជកម្ម​ នៅរសៀល​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមការតាំងពិព័រណ៍បង្ហាញផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញក្នុងមហាសន្និបាតលើកទី៦៥ របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលបានប្រព្រឹត្តទៅ​នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេស

ស្វ៊ីស និងមានសមាជិកអង្គការ WIPO ចូលរួមប្រមាណ១៨០ប្រទេស។

ក្នុងអំឡុងពេលមហាសន្និបាតខាងលើនេះ គណៈប្រតិភូកម្ពុជាបានសហការនិងសម្របសម្រួលដោយស្ថានបេសកកម្ម អចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ប្រចាំទីក្រុងហ្សឺណែវ បានបង្ហាញអំពីការអភិវឌ្ឍផលិតផលម៉ាកសម្គាល់ភូមិសាស្រ្ត ក៏ដូចជាតាំងបង្ហាញផលិតផលម៉ាក សម្គាល់ភូមិសាស្រ្តកម្ពុជាក្នុងព្រឹត្តិការណ៍នេះ រួមមាន៖ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ផ្កាអំបិលកំពត-កែប ទឹកឃ្មុំព្រៃមណ្ឌលគីរី ព្រមទាំងបានផ្ដល់អាហារជូនអ្នកចូលរួមភ្លក់រសជាតិម្រេចកំពតជ្រក់ ស្ករត្នោតកំពង់ស្ពឺ និងទឹកឃ្មុំព្រៃមណ្ឌលគីរី ផងដែរ។

នៅកិច្ចបញ្ចប់ លោករដ្ឋលេខាធិការប្រធានគណៈប្រតិភូកម្ពុជាបានសម្ដែងនូវការប្តេជ្ញាចិត្តក្នុងការបន្តចូលរួមជាមួយនឹងអង្គការ WIPO ក្នុងនាមជាសមាជិកនិងបន្តលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជាលើឆាកអន្តរជាតិ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធបន្ថែមទៀត។

...

សូមជម្រាបជូនថា ការដាក់បង្ហាញផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រកម្ពុជាក្នុងព្រឹត្តិការណ៍នេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកស្ទួយកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ព្រមទាំងបានផ្សព្វផ្សាយនិងលើកកម្ពស់ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា ធ្វើឱ្យដៃគូអន្តរជាតិនិងបណ្តាប្រទេសជាច្រើនមានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់លើផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តកម្ពុជា ផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print