ភ្នំពេញ៖ ទើបនឹងចូលប្រឡូកក្នុងអាជីពសិល្បៈ ជាងមួយឆ្នាំប៉ុណ្ណោះ តារាសម្តែងប្រុស នី កូឡា ទទួលបានការងារសិល្បៈជាច្រើនបន្តបន្ទាប់។ ទោះមានស្នាដៃច្រើនបង្គួរក្នុងអាជីពនេះក្តីក៏តារាសម្តែងរូបនេះមិនទាន់ហ៊ានប្រាថ្នាតំណែងតួឯកនៅឡើយ ដែលតារារូបនេះលើកឡើងថា នឹងត្រូវចំណាយពេលទៅមុខបន្តទៀតបើទោះបីជាមានឧសគ្គមួយចំនួនចំពោះមុខក្តី។
យ៉ាងហោចណាស់មានខ្សែភាពយន្តខ្នាតធំប្រមាណ៣រឿងរួចមកហើយដែល នី កូឡា បានចូលរួមសម្តែងដូចជារឿង”ព្រានស្នេហ៍បីសាច” “គំនុំស្នេហ៍ព្រលឹងសងសឹក” និងរឿង”BIG ខ្លាចខ្មោចយក្សធំ”។ ទោះមិនទាន់បានតំណែងតួអង្គសំខាន់ក្នុងខ្សែភាពយន្តខាងលើនេះក្តីក៏លោកនៅតែមិនទាន់បោះបង់ចោលក្តីរំពឹងក្នុងការឈោងចាប់តំណែងតួឯកធំមួយនៅក្នុងរឿង។ កូឡាបញ្ជាក់ថា ក្រៅពីការពង្រឹងខ្លួនក្នុងការងារសម្តែងក្នុងខ្សែភាពយន្ត លោកក៏ទទួលបានការងារសិល្បៈជាច្រើនបន្តបន្ទាប់ដូចជាការសម្តែងក្នុងបទចម្រៀង ខារ៉ាអូខេរបស់ផលិតកម្មTown និងផលិតកម្ម C-Star ជាដើម។ លោកទទួលស្គាល់ថា បច្ចុប្បន្នពិតជាមានការលំបាកក្នុងការប្រកួតប្រជែងខ្លាំងព្រោះតែសិល្បករវ័យក្មេងមានសមត្ថភាពជាច្រើនកំពុងប្រជែងគ្នាក្នុងអាជីពមួយនេះ ប៉ុន្តែតាមរយៈចំណង់ចំណូលចិត្ត ទេពកោសល្យ ការលើកទឹកចិត្ត និងការបង្ហាត់បង្ហាញរបស់សិល្បកររាមច្បងលោកនៅមិនទាន់បោះបង់ចោលក្តីសង្ឃឹមនេះនៅឡើយ ព្រោះតែជំហាននៃការប្រឡូកសិល្បៈគឺត្រូវធ្វើឡើងដោយសន្សឹមៗ។ តារាសម្តែងវ័យ២១ឆ្នាំរូបនេះបញ្ជាក់ដែរថា ថ្មីៗនេះលោកកំពុងត្រៀមចុះកិច្ចសន្យាក្នុងការចូលរួមសម្តែងតួអង្គសំខាន់ក្នុងខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្មនាំមុខមួយនៅកម្ពុជា ដែលលោករំពឹងថា ខ្សែភាពយន្តថ្មីខាងមុខនេះនឹងកាន់តែជួយរុញច្រានឲ្យឈ្មោះរបស់លោកកាន់តែមានភាពលេចធ្លោរ។
ថ្មីៗនេះដែរ លោកក៏កំពុងតែធ្វើការហ្វឹកហាត់ផ្នែកច្រៀងបន្ថែមទៀតខណៈដែលការងារមួយនេះគឺជាចំណង់ចំណូលចិត្តរបស់លោកតាំងពីកុមារភាពផងដែរ។ លោកក៏ត្រៀមខ្លួនក្នុងការថតបទចម្រៀងថ្មីដែលជាស្នាដៃនិពន្ធរបស់កូនខ្មែរផងដែរ ប៉ុន្តែមិនស្ថិតក្រោមការកុងត្រារបស់ផលិតកម្មណាមួយនោះទេ។ លោកប៉ាន់ស្មានដែរថា ការប្រឡូកក្នុងអាជីពសិល្បៈដែលសម្បូរដោយការប្រកួតប្រជែងនេះអាចនឹងត្រូវចំណាយពេលប្រមាណ២ឬ៣ឆ្នាំទៀត ហើយលោករំពឹងថាក្តីស្រមៃក្នុងការឈោងចាប់តំណែងតួឯកនឹងក្លាយជាការពិត៕
ដោយ៖ វឌ្ឍនា