ខ្មែរទាំងមូលត្រូវរងការរិះគន់ពីថៃព្រោះការលួចចម្លងចម្រៀងរបស់ផលិតកម្មកាឡាក់ស៊ី

ចែករំលែក៖

ភ្នំពេញ៖ ពាក្យវាយសំពងដោយការរិះគន់មិនសំចៃមាត់ពីមហាជនអំពីការលួច ចម្លងបទចម្រៀងពីបរទេសបានផ្ទុះឡើងសាជាថ្មីគឺបទចម្រៀងមួយបទរបស់តារា ចម្រៀង ម៉ៃ សុគន្ធ គឺបទ «ស្ទាវសម័យ4G» ត្រូវបានចែកចាយពេញបណ្តាញទំនាក់ ទំនងសង្គមហ្វេសប៊ុក ។

...

សន្ទុះនៃការរិះគន់ កាន់តែពុះកញ្ជ្រោលខ្លាំងឡើងក្រោយពីតារាចម្រៀង បញ្ញាសិទ្ធិ យកបទចម្រៀងដ៏ពេញ និយមរបស់ថៃនេះទៅច្រៀងលើកញ្ចក់ ទូរទស្សន៍កាលពីថ្មីៗនេះ ពិសេសក្រោយគេហទំព័ររបស់ថៃយកបទចម្រៀងរបស់ខ្មែរ និងថៃច្រៀងមកប្រៀបធៀបគ្នា។

ពាក្យ «អៀនខ្មាសទេ? ផេកថៃយក ចម្រៀងខ្មែរ២បទមករិះគន់កក្រើកហ្វេសប៊ុក» បានដុតកម្តៅឲ្យអ្នកលេងបណ្តាញ ទំនាក់ទំនងសង្គមមួយនេះចាប់អារម្មណ៍ឈឺចាប់កាន់តែខ្លាំងក្រោយពីនៅលើ បណ្តាញសង្កមហ្វេសប៊ុកជនជាតិថៃបានរិះគន់យ៉ាងចាស់ដៃស្ទើរផ្អើលពេញប្រទេសថៃទៅហើយ ។ ក្នុងនោះក៏មានអ្នកនិយម លេងហ្វេសប៊ុកជនជាតិខ្មែរផងដែរបាន ចូលរួមរិះគន់ក្នុងន័យឲ្យបញ្ចប់ការលួច ចម្លងបទពីគេ ។

បទចម្រៀងដែលផេកថៃបានរិះគន់នោះគឺបទ «ស្ទាវសម័យ4G» របស់អ្នក ចម្រៀងលោក ម៉ៃ សុគន្ធ នៅក្នុងផលិតកម្ម កាឡាក់សុី(Galaxy) ដែលទើបតែបាន ចេញ ។

ទាក់ទិននឹងការរិះគន់យ៉ាងចាស់ដៃ របស់មហាជនខាងលើ លោក ម៉ៃ សុគន្ធ បានទទួលស្គាល់ថា បទចម្រៀងនេះពិតជា បទចម្រៀងដែលយកលំនាំតាមបទចម្រៀងពីប្រទេសថៃមែន ប៉ុន្តែអត្ថន័យបទចម្រៀងនេះមានលក្ខណៈខុសពីគ្នា ។ លោកបន្តថា បទចម្រៀងនេះនិពន្ធទំនុកច្រៀងដោយលោក សាង កុសល្យ ហើយក៏ច្រៀងតាមការតម្រូវរបស់ផលិតកម្មតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាលោកទទួលយកការរិះ គន់នេះហើយលោកក៏ស្នើឲ្យផលិតកម្មបន្តផ្តល់បទចម្រៀងថ្មីដែលជាស្នាដៃរបស់កូនខ្មែរមកច្រៀងបន្តទៀតនៅពេលខាងមុខ។

លោក ណាវ៉ាត់ត្រា អ្នកគ្រប់គ្រងទូទៅ ប្រចាំផលិតកម្ម Galaxy បានលើកឡើងថា លោកទទួលស្គាល់ និងទទួលយកការរិះ គន់ពីមហាជន ។ លោកបញ្ជាក់ថា ផលិតកម្មទើបចាប់ផ្តើមដំណើរការជាផ្លូវការមិនទាន់បានមួយខែនៅឡើយហើយបទចម្រៀងវ៉ុលដំបូងរបស់លោកក៏ទើបចេញលក់ដែរ។ លោកថា MVរបស់បទចម្រៀង «ស្ទាវសម័យ 4G» នេះជាបទចម្រៀងមួយប៉ុណ្ណោះដែលជាបទចម្រៀងចម្លង ហើយការចេញបទ ចម្រៀងនេះដោយសារតែការផលិតជ្រុល ហួសទៅហើយគឺមុនពេលការរិះគន់បទ ចម្រៀង “ស៊ីបានចេះតែស៊ីទៅ”របស់ផលិតកម្មថោននេះទៅទៀត ។

លោកបញ្ជាក់ថា សម្រាប់ផលិតកម្មមិនមានបទចម្រៀងចម្លងច្រើនទេ តិចបទបំផុត ដែលបទចម្រៀងប្រមាណ៩០ភាគរយគឺជាបទថ្មីដែលនិពន្ធដោយកូនខ្មែរ ។ លោកនៅតែពេញចិត្តនិងគាំទ្រចំពោះស្នាដៃនិពន្ធ ថ្មីហើយលោកនឹងព្យាយាមកែប្រែអំពី បញ្ហាទាំងនេះឲ្យមានលក្ខណៈប្រសើរឡើង ។ លោកថាក្រោយបើកដំណើរការ ផលិតកម្មលោកនិងអ្នកនិពន្ធនៅផលិត កម្មលោកបានផលិតបទចម្រៀងថ្មីបាន ប្រមាណជាង១០០បទហើយដែលនឹង ចេញលក់ជាបន្តបន្ទាប់នៅពេលខាងមុខនេះហើយបទចម្រៀងថ្មីៗមួយចំនួនទទួលបានការគាំទ្រច្រើនដូចជាបទទាក់ទងនឹងការគាំទ្រវិស័យកីឡាបាល់ទាត់ និងបទ «សង្សារខ្ញុំស្រីខារ៉ាអូខេ» ជាដើម ។ លោកថានឹងបន្តពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយរាល់បទចម្រៀងចេញលក់និងផ្សព្វផ្សាយនៅពេលក្រោយៗទៀត ។

គួរបញ្ជាក់ថា បទចម្រៀងដែលថៃយក មកបាញ់ចំៗនេះមិនត្រឹមតែចម្លងខ្លឹមសារបទចម្រៀង និងសាច់ភ្លេងប៉ុណ្ណោះទេ ថែមទាំងយកស្ទីលកាយវិការសម្តែងក្នុងការរិះគន់រឿងលួចបទចម្រៀងបរទេសមកច្រៀង នេះគឺបានស្ងប់ស្ងាត់មិនបានប៉ុន្មានផង បន្ទាប់ពីតារាចម្រៀងប្រុសស្រី២រូបត្រូវបានគេរិះគន់ខ្លាំងគ្រាដែលយកបទចម្រៀងដ៏ល្បីរបស់ប្រទេសថៃមកច្រៀងគឺបទ «ស៊ី បានចេះតែស៊ីទៅ» ជាបទចម្រៀងច្រៀងដោយតារាចម្រៀងប្រចាំផលិតកម្មថោន លោក កែវ វាសនា និងនិពន្ធទំនុកច្រៀង ដោយលោក ងួន សុបិន្ត និងបទ «ទាល់តែ យូរទើបស៊ីអូនបាន» ជាបទចម្រៀងដែល មានទំនុកច្រៀងដូចគ្នាច្រៀងដោយកញ្ញា ម៉ាលី ជាតារាចម្រៀងប្រចាំផលិតកម្ម U Production ។
មហាជនជាច្រើនមានការបញ្ចេញមតិយោបល់ស្នើសុំឲ្យអ្នកនិពន្ធខ្មែរ និងតារា ចម្រៀងបញ្ឈប់ជាបន្ទាន់នូវការលួចចម្លងពីគេដើម្បីកុំឲ្យប្រទេសជិតខាងបន្តមាក់ងាយ លើវិស័យសិល្បៈ និងចម្រៀងរបស់ខ្មែរ។ សកម្មភាពទាំងនេះហើយដែលធ្វើឱ្យកិត្តិយសរបស់ប្រទេសជាតិអាប់ឱនយ៉ាងខ្លាំង សម្រាប់អ្នកដែលចូលចិត្តលួចចម្លងបទ ចម្រៀងបរទេស ជាពិសេសនោះការលួចពីប្រទេសជិតខាងនោះ៕

4

1

2

3

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print