ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ គឺជាថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ សម្រាប់រាជធានីភ្នំពេញនឹងមានព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ ដោយរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់ជាមួយនឹងការបាញ់កាំជ្រូច យ៉ាងគគ្រឹកគគ្រេង ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ។
ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ បែបនេះ ក្នុងកិច្ចប្រជុំជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរ. នៅរសៀលថ្ងៃទី១៧ កក្កដាឆ្នាំ២០២៤។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ ថា៖ គម្រោងព្រែកជីកហ្វូណន-តេជោនឹងបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហាឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលនៃការបើកការដ្ឋាននេះនៅពេលព្រឹក គ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ ដោយមានការទូងស្គ ទះប៉ោត អោយមានភាព គគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារ សាសនា នានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គ ទះប៉ោតបែបនេះផងដែរ។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ សម្រាប់ពេលរាត្រីថ្ងៃ០៥សីហា ដដែល យើងក៏បានត្រៀមរៀបចំជាព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ នោះគឺការរៀបចំការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់ជាមួយនឹងការបាញ់កាំជ្រូចចំនួន២លើក នៅម៉ោង៧និង២០នាទី១លើក និងនៅម៉ោង៩និង៩នាទីមួយលើកទៀត ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ។
ឯកឧត្ដម ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះដែរ ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ការពារសន្តិសុខ សណ្តាប់ក្នុងពិធីខាងលើនេះអោយបានល្អ ដោយរៀបចំអោយមានជាទីបញ្ជាការស្រាល តូច ធំ ជាមួយការរៀបចំអនាម័យ បរិស្ថាន និងការពង្រាយបង្គន់អនាម័យអោយបានច្រើនកន្លែង បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលចូលរួម។
សូមបញ្ជាក់ថា៖ គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោនេះ ដោយគ្រោងនឹងបើកការដ្ឋាននា ថ្ងៃទី០៥សីហា ២០២៤ខាងមុខនេះ ៕ ដោយ សំរិត