ភ្នំពេញ ៖ អភិអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានជំរុញរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃទាំងអស់មានភាពសកម្ម ក្នុងការតាមដាន និងក្តាប់ឱ្យបាននូវព័ត៌មានដែលបានផ្សព្វផ្សាយពាក់ព័ន្ធនឹងសមត្ថកិច្ចដឹកនាំនិងគ្រប់គ្រង ដោយត្រូវសកម្មផ្សព្វផ្សាយ ស្រាយបំភ្លឺ និងពន្យល់ឱ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ ទៅកាន់សាធារណជន ពិសេសពលរដ្ឋដែលទទួលសេវា។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពីរបៀបរបបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយកចំណុះក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ លោកអភិសន្តិបណ្ឌិត បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយព័ត៌មានឌីជីថល ដើម្បីឱ្យមហាជនបានជ្រួតជ្រាបពីវឌ្ឍនការងាររបស់ក្រសួងមហាផ្ទៃ និងទទួលយកមតិរិៈគន់ក្នុងន័យស្ថាបនា សំណើ និងសំណូមពរពីមហាជន។
លោកអភិសន្តិបណ្ឌិត បានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គាធិការដ្ឋាន អគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានទាំងអស់សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃ ដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាពការងាររបស់អង្គភាព កន្លងមក ក៏ដូចជាបកស្រាយបំភ្លឺនូវរាល់ករណី ឬហេតុការណ៍ចាំបាច់ណាមួយដែលវាយប្រហារប៉ះពាល់លើការដឹកនាំ និងគ្រប់គ្រង ដោយមិនរង់ចាំតែការបកស្រាយបំភ្លឺពីក្រុមអ្នកនាំពាក្យនោះឡើយ។
ជាមួយនេះដែរ លោកអភិសន្តិបណ្ឌិត បានណែនាំរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកប្រចាំដឹកនាំកិច្ចប្រជុំពិនិត្យ ស្រាវជ្រាវ តាមដាន និងវាយតម្លៃការងារជាប្រចាំ ដើម្បីវិភាគកែលម្អ តម្រង់ទិសការងារ ការតាក់តែងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយតាមអង្គភាពនីមួយៗរបស់ខ្លួន៕