ខេត្តត្បូងឃ្មុំ៖ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ សមត្ថកិច្ចចាប់បានរថយន្តកាមរីឆ្លាមមួយគ្រឿងដឹកឈើនាងនួន ចេញពីទឹកដីខេត្ត ក្រចេះ នៅចំណុចស្ពានជ្រាវព្រំប្រទល់ (មេមត់-ក្រចេះ) ដោយដេញស្ទាក់ចាប់ក្នុងចម្ងាយ ផ្លូវ៥០គីឡូម៉ែត្រ ទើបចាប់បាន ។
បើតាមមន្ត្រីយោធាស្នាក់ការសន្តិសុខ ៧០១ ប្រចាំការនៅស្រុកពញាក្រែកបាន ឱ្យដឹងថា ពេលដែលរថយន្តខាងលើបើក ឆ្លងកាត់ស្ពានជ្រាវមើលទៅមានសភាពធ្ងន់ខុសប្លែកពីធម្មតាពេលនោះសមត្ថកិច្ចដាក់ការសង្ស័យថាអាចមានផ្ទុកបទល្មើសអ្វីមួយ ក៏បានលើកសញ្ញាឱ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យ ប៉ុន្តែអ្នកបើករថយន្តនោះមិនព្រមឈប់ទេគឺ រឹតតែបន្ថែមល្បឿនទៅមុខ ទៀត ។
ពេលបានទទួលព័ត៌មាននេះភ្លាមកម្លាំងកងរាជអាវុធហត្ថ មន្ត្រីរដ្ឋបាលព្រៃឈើ និងនគរបាលសេដ្ឋកិច្ចភ្លាមបានដាក់ពង្រាយកម្លាំងតាមគោលដៅនីមួយៗដើម្បីស្ទាក់ចាប់ ។ តែអ្នកបើកបររថយន្តកាមរីឆ្លាមនោះ ទោះបីជាសមត្ថកិច្ចហៅយ៉ាងណាក៏មិន ព្រមឈប់ដែរគឺនៅតែបន្តដំណើរទៅមុខទៀត ។ លុះមកដល់វេលាម៉ោងជិត១១ យប់ ពេលដែលបើកមកដល់ម្តុំហាង កណ្តៀងស្រស់ក្នុងឃុំកោងកាង ស្រុក ពញាក្រែកក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្នាក់ការ ៧០១ស្ទាក់ចាប់ជាប់ដោយឃាត់បានមនុស្ស៣នាក់ រួមទាំងវត្ថុតាងឈើនាងនួនជាច្រើនកំណាត់ប្រគល់ឱ្យរដ្ឋបាលព្រៃឈើផ្នែកមេមត់ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ សហការី